ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានរដ្ឋសភាអាមេរិកស្នើដកតំណែងប្រធានាធិបតីដូណាល់ ត្រាំ

ចែករំលែក៖

នៅថ្ងៃទី​៧ខែមករា ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បានស្នើឲ្យដកតំណែងប្រធានាធិបតីដូណាល់ ត្រាំ​ ដោយសារតែលោកជាប់ពាក់ព័ន្ធនឹងអំពើហិង្សានៅវិមាន​កាពីតូល ។ ជាមួយគ្នានោះដែរ ថ្នាក់ដឹកនាំគណបក្សសាធារណរដ្ឋ ក៏បានស្នើឲ្យចោទប្រកាន់ទោស និងដកតំណែងលោកត្រាំមុនថ្ងៃទី​២០ ខែមករា​ឆ្នាំ​២០២១។
ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បានស្នើដល់អនុប្រធានាធិបតី​អាមេរិក លោក​Mike Pence ដំណើរការ​ច្បាប់ធម្មនុញ្ញមាត្រាទី​២៥ ក្នុងការដកតំណែង ប្រធានាធិបតីត្រាំ ។ ប្រធានរដ្ឋសភាបន្តទៀតថា ប្រសិនបើអនុប្រធានាធិបតី Mike Pence មិនដកតំណែងទេនោះ សភានឹងចោទប្រកាន់ទោសជាលើកទីពីរ ដល់ប្រធានាធិបតីដូណាល់ ត្រាំ ។
ការលើកឡើងរបស់លោកស្រី​Nancy Pelosi ក្រោយពេលមានសមាជិកព្រឹទ្ធភា និងរដ្ឋសភាជាច្រើនរូបបានស្នើឲ្យដកតំណែងលោកត្រាំ ដោយចោទប្រកាន់អំពើហិង្សានៅវិមានកាពីតូល គឺជាសកម្មភាពប្រឆាំងទឹកដីអាមេរិក ​ដូច្នេះលោកត្រាំមិនត្រូវបន្តតំណែងប្រធានាធិបតីទៀតឡើយ។
លោក​​Chuck Schumer សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ បានលើកឡើងថា​ ប្រសិនបើអនុប្រធានាធិបតីមិនមានសកម្មភាព នោះទេ​សភានឹងដកតំណែងលោកត្រាំ​ មុនពេលបញ្ចប់អាណត្តិ។
លោកត្រាំត្រូវបានគេចាត់ទុកថានៅពីក្រោយអំពើហិង្សាក្នុងរដ្ឋសភា កាលពីថ្ងៃទី​៦ ខែមករា បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន ។ ទោះបីមានអំពើហិង្សាក្តី ក៏សភានៅតែបន្តកិច្ចប្រជុំបោះឆ្នោត ហើយលោកបៃឌិនជាអ្នកឈ្នះផ្លូវការក្លាយជាប្រធានាធិបតីទី​៤៦របស់អាមេរិក៕

ដោយ៖ធី រីណា(រូបភាព៖ AFP/TTXVN)


ចែករំលែក៖