ព័ត៌មានទាន់ហេតុការណ៍៖

ដើមសប្តាហ៍ទី២ ខែមករា ឆ្នាំ២០២១នេះ អភិបាលខេត្តពោធិ៍សាត់ បាននឹងកំពុងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ចំនួន២៥ករណីផ្សេងគ្នា

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ តាមការគ្រោងទុក រៀងរាល់២ ទៅ៣សប្តាហ៍ម្តង លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ តែងតែជ្រើសរើសសំណុំរឿង ក៏ដូចជាបញ្ហាប្រឈមជាចាំបាច់ ដើម្បីធ្វើការសម្របសម្រួលដោះស្រាយ ក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋ។

ជាក់ស្តែងនាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បាននឹងកំពុងជួបសំណេះសំណាល និងសម្របសម្រួលដោះស្រាយបញ្ហាប្រឈម ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ចំនួន២៥ករណីផ្សេងគ្នា នៅវេទិកាក្នុងសាលាខេត្ត។

បើតាមលោក គឹម ចន្ថា ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត បានឱ្យដឹងថា នារយៈពេលចុងក្រោយនេះ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចំណាយពេលវេលាដោះស្រាយជម្លោះ របស់ប្រជាពលរដ្ឋក្នុងខេត្តជាប្រចាំ។ ពីមុនលោកបានចូលរួមដោះស្រាយបញ្ហាទាំងអស់នោះ ចំនួន២ដង ក្នុងមួយសប្តាហ៍ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ដោយសារតែជម្លោះក៏ដូចជាបញ្ហាប្រឈម កាន់តែថយចុះ លោកបានចូលរួមដោះស្រាយ តែ២ ទៅ៣សប្តាហ៍ម្តងតែប៉ុណ្ណោះ។ 

លោក គឹម ចន្ថា បន្ថែមថា តាមរយៈវេទិកាសាធារណៈខាងលើ លោក ម៉ៅ ធនិន តែងតែប្រើប្រាស់វិធីសាស្ត្រ ៣ចំណុច ដើម្បីដោះស្រាយបញ្ចប់បញ្ហា ជូនប្រជាពលរដ្ឋ រួមមាន៖ «ទី១-ឈរលើភាពសុក្រិត និងយុត្តិធម៌, ទី២-កុំឈរលើផលប្រយោជន៍ និងទី៣-ឋានានុក្រម ដោយប្រើយន្តការណ៍ច្បាប់ និងប្រើឋានានុក្រមគ្រួសារ»។

ក្នុងដំណោះស្រាយ ដែលមានភាពឈ្លាសវៃ និងប៉ិនប្រសព្វ របស់លោកអភិបាលខេត្តពោធិ៍សាត់ បានធ្វើឱ្យប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្ដាញសង្គម ចាប់អារម្មណ៍យ៉ាងខ្លាំង ពីរបៀបដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការដោយសន្តិវិធី។ ដោយឡែកប្រជាពលរដ្ឋ ដែលទទួលបានដំណោះស្រាយ ខ្លះក៏ទទួលបានអង្ករ ក៏ដូចជាថវិកាបន្តិចបន្តួច សម្រាប់ជាទ្រនាប់ដៃ វិលត្រឡប់ទៅលំនៅដ្ឋានវិញផងដែរ៕

ដោយ៖សិលា


ចែករំលែក៖