អន្តរជាតិ៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង នៅថ្ងៃទី៨ ខែមករានេះ បានទទួលវ៉ាក់សាំងកូវីដ-១៩ ដែលផលិតដោយក្រុមហ៊ុនPfizer/BioNTech។ មិនតែប៉ុណ្ណោះ លោកលី បានក្លាយជាថ្នាក់ដឹកនាំប្រទេសអាស៊ានដំបូងបង្អស់ដែលបង្ហាញពីការទទួលវ៉ាក់សាំងជាសាធារណៈ។
ជាក់ស្តែងនៅថ្ងៃទី៨ មករានេះ សិង្ហបុរីចាប់ផ្តើមផ្តល់វ៉ាក់សាំងដល់គ្រឹះស្ថានសុខាភិបាល មន្ទីរពេទ្យ និងមន្ទីពហុព្យាបាលឯកជន។ ហេីយអ្វីដែលគួរឲ្យកត់សម្គាល់ លោក លី សៀនឡុង ដែលជាប្រមុខរដ្ឋាភិបាលសិង្ហបុរី ក៏បានទទួល វ៉ាក់សាំងកូវីដ-១៩ នេះដែរនៅមន្ទីរពេទ្យSingapore General Hospital(SGH)។
ប្រមុខរដ្ឋាភិបាលសិង្ហបុរីរូបនេះ បានលេីកឡេីងថា៖«ខ្ញុំឆ្លៀតឱកាសមកទទួលវ៉ាក់សាំងនៅព្រឹកនេះ ក្រោយរង់ចាំអស់រយៈពេល៣០នាទី»។លោកលីអះអាងបន្ថែមថា វាពុំមានឥទ្ធិពលអ្វីកើតឡើងក្រោយការចាក់វ៉ាក់សាំងនេះឡើយ។ មេដឹកនាំរូបនេះបន្តថា លោកទទួលបានបណ្ណវ៉ាក់សាំង និងត្រឡប់មកទទួលវ៉ាក់សាំងដូសទី២ នៅ៣សប្តាហ៍បន្ទាប់ទៀត។
បេីយោងតាមទូរទស្សន៍សិង្ហបុរី CNA បានចុះផ្សាយដកស្រង់សម្តីលោកលី សៀនឡុង បានបញ្ជាក់ទៀតថា៖«គណៈរដ្ឋមន្ត្រីរបស់ខ្ញុំ និងរូបខ្ញុំរួមទាំងអ្នកមានវ័យចំណាស់ជាងគេ នឹងទទួលវ៉ាក់សាំងដំបូងគេបំផុត។ នេះដើម្បីបង្ហាញអ្នក ជាពិសេសមនុស្សចាស់ ថាពួកយើងជឿជាក់ថាវ៉ាក់សាំងមានសុវត្ថិភាព»។ នាយករដ្ឋមន្ត្រីសិង្ហបុរីរូបនេះ បន្ថែមថា ការចាក់វ៉ាក់សាំងមិនឈឺឡើយ ហើយវាក៏មានប្រសិទ្ធភាព និងមានសារៈសំខាន់។
Was at Singapore General Hospital this morning to take a look at the start of COVID-19 vaccinations for healthcare…
Posted by Lee Hsien Loong on Thursday, 7 January 2021
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Gan Kim Yong រដ្ឋមន្ត្រីក្រសួងសុខាភិបាលសិង្ហបុរី ក៏បានដែរអះអាងថាលោកកំពុងរៀបចំផែនការក្នុងការផ្តល់វ៉ាក់សាំងដល់សមាជិកគណៈរដ្ឋមន្ត្រី។ ក្រៅពីនាយករដ្ឋមន្ត្រីលោកKenneth Mak នាយកសេវាសុខាភិបាល ដែលទទួលបន្ទុកការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ទទួលបានវ៉ាក់សាំងនាថ្ងៃទី៨ មករានេះដែរ។
សូមជម្រាបថា កាលពីថ្ងៃទី៣០ ធ្នូ ឆ្នាំ២០២០ រដ្ឋអាស៊ានមួយចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ដោយផ្តល់អាទិភាពទៅបុគ្គលិកសុខាភិបាលជួរមុខដោយផ្តល់វ៉ាក់សាំងទៅបុគ្គលិកចំនួន៤០នាក់ នៅមជ្ឈមណ្ឌលជាតិនៃជំងឺឆ្លង។ បេីតាមពិតទៅ សិង្ហបុរី ទទួលបានវ៉ាក់សាំង ជំងឺកូវីដ-១៩ ជើងដំបូងរបស់ក្រុមហ៊ុន Pfizer/BioNTech នៅថ្ងៃទី២១ ខែធ្ន ឆ្នាំ២០២០។
ក្រសួងសុខាភិបាលសិង្ហបុរី អះអាងទៀតថា មនុស្សវ័យចំណាស់ចាប់ពី៧០ឆ្នាំឡើងទៅ នឹងទទួលបានវ៉ាក់សាំងនៅខែកុម្ភៈខាងមុខ។ សិង្ហបុរីនឹងផ្តល់វ៉ាក់សាំងដល់ពលរដ្ឋ និងអ្នកស្នាក់នៅសិង្ហបុរីរយៈពេលយូរដោយមិនគិតថ្លៃ។នាយករដ្ឋមន្ត្រីសិង្ហបុរី ក៏អំពាវនាវផងដែរឲ្យពលរដ្ឋទៅទទួលវ៉ាក់សាំងនៅពេលមកដល់។
ដោយឡែកអាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាលសិង្ហបុរី និងអ្នកជំនាញ បានអនុញ្ញាតឲ្យប្រើវ៉ាក់សាំងនេះសម្រាប់មនុស្សអាយុចាប់ពី១៦ឆ្នាំឡើងទៅ។ការផ្តល់វ៉ាក់សាំងនៅសិង្ហបុរីអាចនឹងបញ្ចប់នៅត្រឹមចុងឆ្នាំ២០២១ បើសិនជាគ្មានការរំខានណាមួយ។ទោះជាយ៉ាងណាក្រសួងសុខាភិបាលសិង្ហបុរីសង្កត់ធ្ងន់ថា វ៉ាក់សាំងនឹងមិនបញ្ចប់ជំងឺកូវីដ-១៩ភ្លាមៗឡើយ តែវ៉ាក់សាំងនឹងអនុញ្ញាត ឲ្យសិង្ហបុរីត្រឡប់មកស្ថានការណ៍ដើមវិញប៉ុណ្ណោះ៕ដោយ៖ស តារា
រូបភាព៖ ក្រសូងទូរគមនាគមន៍ និងព័ត៌មានសិង្ហបុរី