ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់ចែកចាយថ្នាំញៀនទ្រង់ទ្រាយធំ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ២នាក់ដែលជាអ្នកចែកចាយថ្នាំញៀនទ្រង់ទ្រាយធំត្រូវកម្លាំងនគរបាលក្រុងប៉ោយប៉ែតសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួនបាន។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី ៧ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខភោជនីយដ្ឋានម្លប់ឫស្សី ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់បាលិលេយ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងនគរបាលនៃអធិការដ្ឋានក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងការិយាល័យ ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់គឺ១-ឈ្មោះ មាស ធីតា ភេទប្រុស រស់នៅចំណុចមុខភោជនីយដ្ឋានម្លប់ឫស្សី ផ្លូវជាតិលេខ៥ សង្កាត់បាលិលេយ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដកហូតវត្ថុតាងសង្ស័យថ្នាំញៀនអុិចស្រ្តាស៊ីចំនួន ៤៨គ្រាប់ សារធាតុញៀនសង្ស័យប្រភេទ កេតាមីន ចំនួន១៥កូនថង់។ ២-ឈ្មោះ ស្រេង ឡុង​ហេង ភេទប្រុស ដែលជាមេខ្លោង រស់នៅបន្ទប់លេខE៤៣ ជាន់ទី៤ ផ្លូវបេតុង ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដកហូតវត្ថុតាងមានថ្នាំគ្រាប់ពណ៌ត្រួយចេកចំនួន២៣ថង់ សង្ស័យសារធាតុញៀនប្រភេទអុិចស្រ្តាស៊ី   ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន៤ថង់សង្ស័យសារធាតុញៀនប្រភេទអុិចស្រ្តាស៊ី ថ្នាំគ្រាប់ពណ៌លឿងស្រាលចំនួន៥ថង់ សង្ស័យសារធាតុញៀនប្រភេទអុិចស្រ្តាស៊ី ម្សៅក្រាមសថ្លាចំនួន១កូនថង់សង្ស័យសារធាតុញៀន ថ្នាំគ្រាប់ហ្វាយៗមួយបន្ទះចំនួន១០គ្រាប់សង្ស័យសារធាតុញៀន  ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១គ្រឿង  កេតាមីនទឹកចំនួន១៥០ដបសង្ស័យសារធាតុញៀន សម្ភារសម្រាប់សម្ងួតថ្នាំញៀនមួយកំប្លេ។

 បច្ចុប្បន្នជនសង្ស័យទាំង២ព្រមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់វិធានការតាមនីតិវិធី៕

ដោយ៖ ស សម


ចែករំលែក៖