ព័ត៌មានទាន់ហេតុការណ៍៖

ទៅធ្វើការរោងចក្រផ្ញើកូនឱ្យម្ដាយជួយមើលថែចៃដន្យអាក្រក់លង់ទឹកបៀស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្មេងប្រុសម្នាក់បានលង់ទឹកបៀបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារនាំគ្នាជួយសង្គ្រោះស្រង់មកដាក់លើគោកធ្វើចលនាដៃជើងតែអកុសលហួសពេលទៅហើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៨ខែមករាឆ្នាំ២០២១នៅត្រង់ចំណុចភូមិត្រពាំងពិការ ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ក្មេងរងគ្រោះមានឈ្មោះ តូច រតនៈ ភេទប្រុស អាយុមួយខួប មានម្ដាយឈ្មោះតូច ផារី អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិត្រពាំងពិការ ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។

បើតាមអ្នកភូមិបានឱ្យដឹងដែរថា មុនកើតហេតុម្ដាយក្មេងខាងលើបានទៅបម្រើការងារនៅរោងចក្រក្នុងក្រុងបាវិត ហើយបានផ្ញើកូនឱ្យជីដូនមើលថែដូចសព្វដង។

ប្រភពបន្តថា លុះមកដល់វេលាម៉ោងប្រមាណ៣រសៀលស្រាប់តែមានការភ្ញាក់ផ្អើលថាមានក្មេងលង់ទឹកបៀក៏ប្រញាប់ប្រញាល់ហៅអ្នកភូមិនាំគ្នាជួយសង្គ្រោះ ប៉ុន្តែជាអកុសលហួសពេលទៅហើយ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានធ្វើកំណត់ហេតុនិងប្រគល់សពកមាររងគ្រោះឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ យឹម សុថាន


ចែករំលែក៖