ខេត្តបន្ទាយមានជ័យ ៖ ក្រៅពីការងារហ្វឹកហ្វឺនរៀនសូត្រ និងអនុវត្តន៍ភារកិច្ចស្នូលរបស់អង្គភាព ក្រោមការយកចិត្តទុកដាក់របស់ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ និងមានការដឹកនាំផ្ទាល់ដោយ ឧត្ដមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរងនាយសេនាធិការ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ កងពលតូចថ្មើរជើងលេខ៥១ បានជំរុញដល់បណ្តាអង្គភាពចំណុះ បន្តការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដែលជាការច្នៃប្រឌិតធានាការចិញ្ចឹមកងទ័ពនិងគ្រួសារកងទ័ពដែលមានជីវភាពខ្វះខាត ពិសេសចូលរួមអនុវត្តន៍តាមផែនការយុទ្ធសាស្រ្តលើកស្ទួយវិស័យកសិកម្មក្នុងស្រុក របស់រាជរដ្ឋាភិបាលកម្ពុជា។
ជាការកត់សម្គាល់ ក្នុងបេសកកម្ម ប្រតិបត្តិការការពារទប់ស្កាត់ ជម្ងឺឆ្លងកូវីដ-១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ កងពលតូចថ្មើរជើងលេខ៥១ បានប្រមូលផលបន្លែចម្រុះ និងសាច់ផ្គត់ផ្គង់ឲ្យដល់កម្លាំងអន្តរាគមន៍ជួរមុខ ធានាបាននូវសុវត្ថិភាពចំណីអាហារ សុខមាលភាពកងទ័ព ក្នុងបេសកកម្មល្បាតទាំងយប់ ទាំងថ្ងៃតាមផែនការ និងបទបញ្ជារបស់ថ្នាក់លើ។
សូមបញ្ជាក់ថា អង្គភាពបានធ្វើការដាំដុះបន្លែចម្រុះ និងការចិញ្ចឹមសត្វ តាមផែនការរបស់ថ្នាក់លើដាក់ឲ្យ ជាមធ្យមបន្លែចម្រុះ និងត្រីសាច់ ត្រូវបានធានាការងារចិញ្ចឹមទ័ព និងគ្រួសារកងទ័ព គ្រប់គ្រាន់ មួយចំនួនលើសតម្រូវការ បាននាំយកទៅលក់នៅទីផ្សារសន្សំថវិកាជួយកសាងអង្គភាព និងការងារមនុស្សធម៌៕
ដោយ៖សិលា