ព័ត៌មានទាន់ហេតុការណ៍៖

កម្មវិធីទំនាក់ទំនងសង្គម Signal កំពុងតែមានប្រជាប្រិយភាពក្នុងពេលថ្មីៗនេះ

ចែករំលែក៖

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិនៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, បើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុនបង្កើតកម្មវិធីទំនាក់ទំនងសង្គម Signal បានឱ្យដឹងថា មានការកើនឡើងអ្នកប្រើប្រាស់យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលពួកគេពុំអាចផ្ញើលេខសំងាត់ឬ OTP ដើម្បីធ្វើការបញ្ជាក់អត្តសញ្ញាណអ្នកប្រើប្រាស់ថ្មីតាមរយៈទូរសព្ទឱ្យបានទាន់ពេលវេលា។

ការកើនឡើងនេះត្រូវបានក្រុមអ្នកតាមដានផ្នែកបច្ចេកវិទ្យាគិតថា អាចមកពីការផ្សព្វផ្សាយរបស់អ្នកល្បីៗមួយចំនួនដូចជាលោក Elon Musk និងលោក Edward Snowden ដែលតែងតែគាំទ្រការប្រើប្រាស់កម្មវិធី Signal ហើយម្យ៉ាងវិញទៀតគឺប្រហែលដោយសារតែការចេញលក្ខខណ្ឌថ្មីរបស់កម្មវិធី WhatsApp ដែលទាមទារឱ្យអ្នកប្រើប្រាស់ទាំងអស់ត្រូវតែយល់ព្រម ចែករំលែកទិន្នន័យឯកជនភាពរបស់ពួកគេ មានដូចជា ឈ្មោះ លេខទូរសព្ទ បញ្ជីអាសយដ្ឋាន លេខសំគាល់អាសយដ្ឋានទីតាំង (IP address) និងទិន្នន័យប្រើប្រាស់មួយចំនួនទៀត ជាមួយក្រុមហ៊ុនហ្វេសប៊ុក ចាប់ផ្ដើមពីថ្ងៃទី ៨ខែកុម្ភៈនេះទៅ។ ទោះបីជាក្រុមហ៊ុនបានបញ្ជាក់ថា អ្នកប្រើប្រាស់អាចបិទការចែករំលែកទិន្នន័យនេះក្ដី ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះគេពុំទាន់ឃើញនូវមុខងារដែលអាចឱ្យអ្នកប្រើប្រាស់បិទវាបាននោះទេ។

គួរបញ្ជាក់ផងដែរថាកម្មវិធី Signal គឺជាកម្មវិធីទំនាក់ទំនងសង្គមដែលមានប្រព័ន្ធអុីនគ្រីបសិន ហើយត្រូវបានបង្កើតឡើងដោយលោក Brian Acton ដែលជាស្ថាបនិកម្នាក់របស់ក្រុមហ៊ុន WhatsApp ប៉ុន្តែលោកបានចាកចេញពីក្រុមហ៊ុននោះ បន្ទាប់ពីកម្មវិធី WhatsApp ត្រូវបានទិញដោយក្រុមហ៊ុនហ្វេសប៊ុក កាលពីឆ្នាំ ២០១៤៕

ដោយ, សិលា


ចែករំលែក៖