ភ្នំពេញ៖ នៅថ្ងៃទី ៩ ខែ មករា ឆ្នាំ ២០២១ឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៦ ព្រមទាំងនាយទាហាន នាយទាហានរង បានអញ្ជើញចុះត្រួតពិនិត្យការងារសាងសង់ ជំរំជម្រកស្នាក់នៅ គិលានដ្ឋាន លើកទំនប់បង្ហៀរទឹក សម្រាប់ស្រោចដំណាំ និងចិញ្ចឹមត្រី ការងារបង្កបង្កើនផល ការងារចិញ្ចឹមសត្វរបស់វរសេនាតូចអន្តរាគមន៍លេខ២៦២ និងវរសេនាតូចអន្តរាគមន៍លេខ២៦៣ ចំណុះកងពលតូចអន្តរាគមន៍លេខ៦។
ក្នុងឱកាសចុះត្រួតពិនិត្យការងារបង្កបង្កើនផល និងកសាងអង្គភាពនេះ លោកឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ បាននាំមកនូវការផ្តាំផ្ញើពីសំណាក់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលធ្វើយ៉ាងណាឱ្យនាយទាហាន នាយទាហានរង ពលទាហានទាំងអស់ធានាឱ្យបានជំរំជម្រកស្នាក់នៅឱ្យបានសមរម្យ មានការហូបចុកគ្រប់គ្រាន់ ពិសេសបំផុតនោះឱ្យនាយទាហាន នាយទាហានរង ពលទាហានទាំងអស់ បន្តការហ្វឹកហ្វឺនសិក្សារៀនសូត្រ ដើម្បីត្រៀមចល័តអន្តរាគមន៍ ចុះជួយប្រជាពលរដ្ឋក្នុងគ្រាមានគ្រោះមហន្តរាយផ្សេងៗឱ្យទាន់ពេលវេលា ត្រៀមការពារ បុព្វហេតុជាតិមាតុភូមិ។ ក្នុងនោះផងដែរ យោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៦ ចាំបាច់កាត់បន្ថយនូវការនាំចូលផលិផល ក៏ដូចជាត្រី សាច់ បន្លែ ដែលនាំចូលមកពីខាងក្រៅ។ ដូច្នេះអង្គភាពត្រូវខិតខំប្រឹងប្រែងបង្កើនការចិញ្ចឹមត្រី ដាំបន្លែផ្សេងៗ ដើម្បីផ្គត់ផ្គង់ដល់កម្លាំងឱ្យបានគ្រប់គ្រាន់ក្នុងអង្គភាពជៀសវាងនូវការប្រើប្រាស់អាហារត្រីសាច់បន្លែដែលយកមកពីខាងក្រៅ សំបូរទៅដោយសារធាតុគីមី៕
ដោយ៖សិលា