ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ១នាក់រួមទាំងវត្ថុតាង និងឧបករណ៍ផ្សេងៗ ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កម្លាំងអន្តរាគមន៍ ផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកក្រគរ ប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ សហការចុះបង្រ្កាបមុខសញ្ញាជួញដូររក្សាទុក និងប្រើបាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ១នាក់រួមទាំងវត្ថុតាង និងឧបករណ៍ពាក់ព័ន្ធមួយចំនួន ដើម្បីនាំទៅបន្តនីតិវិធី ។

 ករណីបង្រ្កាបមុខសញ្ញាពាក់ព័ន្ធគ្រឿងញៀនខាងលើ ធ្វើឡើងនារសៀលថ្ងៃសុក្រ ១០រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះជនសង្ស័យឈ្មោះ ជ័យ សំរិទ្ធ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ(មានប្រពន្ធ)ស្ថិតនៅភូមិជ័រម្គាន ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

  នគរបាលស្រុកក្រគរបានឲ្យដឹងថា ដកហូតវត្ថុតាង សម្ភារ និងឧបករណ៍ពាក់ព័ន្ធរួមមានៈ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៥កញ្ចប់ ធំ១កញ្ចប់ ស្មើនឹងទម្ងន់ចំនួន៩.៩៣ក្រាម ថង់ប្លាស្ទិច លុយខ្មែរចំនួន២៥.២៥០០រៀល លុយអាមេរិកកាំងចំនួន១០ដុល្លារ ទូរស័ព្ទចំនួន៣គ្រឿង កាបូបស្ពាយ១ កាបូបតូច១ និងកាំងភ្លើងខ្យល់ចំនួន៣ដើម ។

 នគរបាលស្រុកដដែលបន្តទៀតថា បច្ចុប្បន្ន ជនសង្ស័យ(ជ័យ សំរិទ្ធ)រួមទាំងវត្ថុតាង សម្ភារ និងឧបករណ៍ពាក់ព័ន្ធ រាយការណ៍ជូនលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីនាំទៅបន្តនីតិវិធី តាមច្បាប់ ៕

ដោយ៖ បុឹម ពិន


ចែករំលែក៖