ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបសង្វៀនបញ្ជល់មាន់មួយកន្លែង ឃាត់អ្នកលេង៩នាក់ រឹបអូសរថយន្ត ម៉ូតូ មាន់ជល់ និងសម្ភារប្រព្រឹត្តល្បែងស៊ីសង បានជាច្រើន

ចែករំលែក៖

ខេត្តព្រះវិហារ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានសហការរួមគ្នាជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកគូលែន ចុះឆ្មក់បង្ក្រាបទីតាំងបើកសង្វៀនបញ្ជល់មាន់មួយកន្លែង ហើយបានឈានទៅឃាត់ខ្លួនមនុស្ស ៩នាក់ រឹបអូសមធ្យោបាយបម្រើឲ្យការប្រព្រឹត្តល្បែងស៊ីសង មានរថយន្ត និងម៉ូតូ ១៣គ្រឿង មាន់ជល់ និងសម្ភារមួយចំនួនទៀតផងដែរ។

   ប្រតិបត្តិការចុះបង្ក្រាបសង្វៀនបញ្ជល់មាន់មួយកន្លែងនោះបានធ្វើឡើងកាលពីថ្ងៃអាទិត្យទី១០ ខែមករា ឆ្នាំ២០២១ នៅចំណុច អូរដូនស្ងួន ស្ថិតក្នុងភូមិសាស្ត្រ ភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

  នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តព្រះវិហារ លោកវរសេនីយ៍ឯក គង់ គា បានប្រាប់ឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបសង្វៀនបញ្ជល់មាន់នោះ លោកបានដឹកនាំកម្លាំងនគរបាលខេត្ត ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកគូលែន ដឹកនាំដោយលោកវរសេនីយ៍ឯក ឡាញ់ លីស៊ីវឡេង ក្រោយពីទទួលបានបទបញ្ជាពី ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោសួស សុខដារ៉ា ក្នុងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីធានាបានលើការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។

  លោកវរសេនីយ៍ឯក គង់ គា បានបា្រប់ឲ្យដឹងទៀតថា នៅក្នុងការចុះឆ្មក់បង្ក្រាបសង្វៀនបញ្ជល់មាន់១កន្លែងនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តល្បែងស៊ីសងបាន៩នាក់ រឹបអូសរថយន្ត៤គ្រឿង ក្នុងនោះរថយន្តពាក់ស្លាកលេខ ខ.ម ៣គ្រឿង ម៉ូតូ៩គ្រឿង មាន់ជល់៧ក្បាល និងសម្ភារដែលបម្រើឲ្យការប្រព្រឹត្តល្បែងស៊ីសងមួយចំនួនទៀត ផងដែរ។ លោក គង់ គា បានបន្តថា ក្រោយការបង្ក្រាប ឃាត់ខ្លួនមនុស្ស និងវត្ថុតាងបទល្មើសនោះរួច ទាំងមនុស្ស និងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុកគូលែន ដើម្បីធ្វើការសាកសួរ និងចងក្រងសំណុំរឿង។ លោកថា ក្រោយការសាកសួរឃើញថា ក្រុមអ្នកញៀនល្បែងទាំង៩នាក់ ភាគច្រើនគឺជាជនពិការ និងដោយមានណែនាំពីថ្នាក់លើ កម្លាំងសមត្ថកិច្ច បានសម្រេចដោះលែងអ្នកទាំង៩នាក់ឲ្យវិលត្រឡប់ទៅកាន់លំនៅឋានវិញ ក្រោយពីសមត្ថកិច្ចជំនាញ បានធ្វើការអប់រំ ណែនាំ ព្រមទាំងបានធ្វើកិច្ចសន្យា ឲ្យបញ្ឈប់ប្រព្រឹត្តល្បែងស៊ីសងតទៅទៀតរួចមក។

  នៅរយៈពេលកន្លងមក ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ លោកតែងបានដាស់តឿន ក្រើនរំលឹក និងដាក់បទបញ្ជាដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឲ្យខិតខំរួមគ្នាចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីធានាបានលើការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព ស្របតាមគោលនយោបាយ និងចក្ខុវិស័យរបស់ រាជរដ្ឋាភិបាល ៕

ដោយ៖សូរិយា


ចែករំលែក៖