ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ប្រធានគណៈកម្មការកំណែទម្រង់ការហូបចុក លោកឧត្តមសេនីយ៍ទោ អ៊ុក ចន្ថា មេបញ្ជាការរង យោធភូមិភាគទី៥ ក្រុមការងារកងទ័ពជើងគោក និងកងពលតូចថ្មើរជើងលេខ៥១ អញ្ជើញត្រួតពិនិត្យការងារទទួលនិងបើកចែកត្រី-សាច់គ្រឿងទេស ពីអាជីវករ ដែលជាប្រាក់ឧបត្ថម្ភបន្ថែមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលបានឧបត្ថម្ភបន្ថែមដល់កងកម្លាំងជួរមុខនៅជិតខ្សែបន្ទាត់ព្រំដែន។
ក្រៅពីត្រួតពិនិត្យការងារទទួលនិងបើកចែកត្រី-សាច់គ្រឿងទេស ក្រុមការងារក៏បានត្រួតពិនិត្យការងារកសាង ពង្រឹងអង្គភាពឱ្យរឹងមាំលើគ្រប់វិស័យ នៅក្នុងអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១។
លោកឧត្តមសេនីយ៍ ប្រធានគណៈកម្មការ និងក្រុមការងារបានថ្លែងកោតសរសើរ ចំពោះថ្នាក់ដឹកនាំកងពលតូចថ្មើរជើងលេខ៥១ ក៏ដូចជាវរសេនាតូចថ្មើរជើងលេខ៥១៣ ដែលបានខិតខំពុះពារក្នុងការអនុវត្តផែនការការងារកសាងអង្គភាពឱ្យរឹងមាំលើគ្រប់វិស័យ ធ្វើឱ្យកងទ័ពហូបគ្រប់គ្រាន់ ហូបឆ្ងាញ់ មានអនាម័យ មានសុខភាពល្អ ជាពិសេសបានទទួលនិងបើកចែកត្រី-សាច់គ្រឿងទេសជូនដល់កងឯកភាពចំណុះប្រកបដោយភាពទទួលខុសត្រូវខ្ពស់៕
ដោយ៖សិលា