ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លៃនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បានជំរុញ និងលើកទឹកចិត្តឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូបត្រូវយកចិត្តទុកដាក់ និងចូលរួមគាំទ្រឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការអភិវឌ្ឍសាលារៀន ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ- រូបវ័ន្ត និងការគាំទ្រផ្សេងទៀតតាមគ្រប់លទ្ធភាព ជាពិសេសការចូលរួមសហការរបស់ក្រសួងសុខាភិបាល ក្នុងការធានានូវសុវត្ថិភាពសុខភាព ការអប់រំអំពីអនាម័យ និងការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ឱ្យបានម៉ឺងម៉ាត់ ធ្វើយ៉ាងណាទប់ស្កាត់កុំឱ្យមានឆ្លងជំងឺកូវីដ-១៩ នៅក្នុងគ្រឹះស្ថានសិក្សា។
សូមរំលឹកថា, ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងស្ថានភាពជំងឺកូវីដ-១៩ បានវាយលុកនៅលើពិភពលោក ប៉ុន្តែកម្ពុជាបានទប់ស្កាត់បានយ៉ាងល្អ, ជាពិសេសទប់ស្កាត់ជោគជ័យចំពោះព្រឹត្តិការណ៍ ២៨ វិច្ឆិកា ដែលមានការឆ្លងជាសហគមន៍នៅកម្ពុជា ទាំងក្រសួងសុខាភិបាល ទាំងរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ បញ្ចប់ព្រឹត្តិការណ៍នេះបានជោគជ័យ ៕
ដោយ៖សិលា