ព័ត៌មានទាន់ហេតុការណ៍៖

កម្មការិនីរោងចក្រកាត់ដេរយីហោតៃអុីសុី បិទផ្លូវជាតិលេខ៥ ទាមទារប្រាក់បំណាច់ឆ្នាំនិងប្រាក់៥ភាគរយ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កាលពីម្សិលមិញវេលាម៉ោង១២និង៤៨នាទីរសៀលថ្ងៃអង្គារ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ កម្មករកម្មការិនីរោងចក្រកាត់ដេរយីហោតៃអុីសុីចំនួនប្រមាណ៧អគារបាននាំគ្នាបិទកំណាត់ផ្លូវជាតិលេខ៥ ក្នុងគោលបំណងទាមទារបើកប្រាក់បំណាច់ឆ្នាំ និងប្រាក់៥ភាគរយ ខណៈខាងក្រុមហ៊ុនចេះតែកុហកថ្ងៃនេះថ្ងៃនោះ ។

   ហេតុការណ៍កម្មករកម្មការិនីរោងចក្រកាត់ដេរតៃអុីសុីបិទកំណាត់ផ្លូវជាតិលេខ៥ទាមទារប្រាក់បំណាច់ឆ្នាំ និងប្រាក់៥%ភាគរយខាងលើ គឺកើតឡើងត្រង់ចំណុចមុខរោងចក្រកាត់ដេរយីហោ(តៃអុីសុី)ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៧-១៥៨ ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

 ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោងដូចខាងលើគេឃើញកម្មករកម្មការិនីដង្ហែគ្នាមកបិទកំណាត់ផ្លូវជាតិលេខ៥បានមួយសន្ទុះក៏មានកម្លាំងសមត្ថកិច្ច និងមានត្រៀមរថយន្តពន្លត់អគ្គិភ័យការពារ ក្នុងនោះក៏មានវត្តនមានថ្នាក់ដឹកនាំខេត្តពោធិ៍សាត់មកជួយសម្របសម្រួលពីគោលបំណងកម្មករ.កម្មការិនីទាំងអស់ទាមទារប្រាក់បំណាច់ឆ្នាំ និងប្រាក់៥ភាគរយ ខណៈខាងតំណាងក្រុមហ៊ុនចេះតែកុហកថ្ងៃនេះថ្ងៃនោះ ។

 ប្រភពព័ត៌មានដដែលបន្តទៀតថា ខាងតំណាងក្រុមហ៊ុនរោងចក្រកាត់ដេរយីហោ(តៃអុីសុី)បានបន្តសន្យាចំពោះមុខថ្នាក់ដឹកនាំ និងមហាជនថា នឹងបើកប្រាក់បំណាច់ឆ្នាំ និងប្រាក់៥ភាគរយជូនពួកគាត់នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ខាងមុខ ប៉ុន្តែលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ សុំសម្របសម្រួលបើកជូនបងប្អូនកម្មករកម្មការិនីនៅថ្ងៃទី១៥ ខែឆ្នាំដដែលនេះ បើបើកមិនទាន់បន្តទៅបើកថ្ងៃបន្ទាប់ទៀត ៕

ដោយ៖ បុឹម ពិន


ចែករំលែក៖