ភ្នំពេញ៖ មានហេតុការណ៍ឆ្លងចរន្តអគ្គិសនីកើតជាអគ្គិភ័យឆាបឆេះផ្ទះលក់គ្រឿងអេឡិចត្រូនិកមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញមកធ្វើអន្តរាគមន៍បាញ់ពន្លត់។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៤និង៣០នាទីទៀបភ្លឺ ថៃ្ងពុធ ១៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ដែលស្ថិតនៅចំណុចផ្ទះលេខ43DEo ផ្លូវលេខ១០៧ ភូមិ២ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ជាម តាត់ ភេទប្រុស អាយុ ៤៥ឆ្នាំ (ជនជាតិខ្មែរ) មុខរបរម្ចាស់ហាងលក់គ្រឿងសំណង់ ថ្មបេតុង (ទំហំ ៥ម៉ែត្រ x ១៦ម៉ែត្រ) ។
សមត្ថកិច្ចបន្តថា ក្នុងការពន្លត់អគ្គិភ័យនេះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន៣គ្រឿងចេញធ្វើអន្តរាគមន៍ដោយប្រេីប្រាស់ទឹកអស់១ឡានស្មេីនឹង ៤ម៉ែត្រគូប។
ចំពោះមូលហេតុគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីដែលធ្វើឱ្យឆេះម៉ូតូអស់ចំនួន ៣គ្រឿង, ទូក្លាសេចំនួន៣គ្រឿង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡេីយ។ អគ្គិភ័យនេះពន្លត់ចប់នៅម៉ោង ៤និង៥៥នាទីទៀបភ្លឺ នាថ្ងៃខែឆ្នាំដដែល៕
ជ្រោយពេជ្រ