ភ្នំពេញ ៖ បុរសម្នាក់ជាគ្រូបង្រៀនផ្នែកគណិតវិទ្យាធ្វើអត្តឃាតចងកសម្លាប់ខ្លួនក្នុងផ្ទះដោយមិនដឹងមូលហេតុ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី១៣ ខែមករាឆ្នាំ២០២១ ផ្ទះលេខ១២១ តាមបណ្តោយផ្លូវលំ ស្ថិតក្នុងភូមិដំណាក់សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពជនរងគ្រោះឈ្មោះ បូ ចាន់ថន អាយុ៤០ ភេទប្រុស មានស្រុកកំណើត នៅស្រុកកងមាស ខេត្តកំពង់ចាម មុខរបរជាគ្រូបង្រៀនផ្នែកគណិតវិទ្យា។
តាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថានៅមុនពេលកើតហេតុ នៅខែមករាឆ្នាំ២០២១នេះជនរងគ្រោះបានមកស្នាក់នៅជាមួយបងស្រីរបស់ខ្លួននៅទីតាំងកើតហេតុខាងលើជាបណ្ដោះអាសន្នដោយកន្លងមកជនរងគ្រោះធ្លាប់បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យប៉ះពាល់ខួរក្បាល និងកើតជំងឺសរសៃប្រសាទ ហើយនៅប្រហែលវេលាម៉ោង ៣រសៀលជនរងគ្រោះបានចេញពីក្នុងផ្ទះមកសុំទឹកសណ្ដែករបស់បងស្រីមួយកំប៉ុងហើយក៏ដើរចូលទៅក្នុងផ្ទះវិញ មួយសន្ទុះក្រោយមកបងស្រីជនរងគ្រោះបានចូលទៅក្នុងផ្ទះស្រាប់តែឃើញជនរងគ្រោះ(ត្រូវជាប្អូនបង្កើត) បានចងកជាប់ទៅនឹងចម្រឹងដែកបង្កាន់ដៃផ្លូវដើរស្លាប់បាត់ទៅហើយ ទើបរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញកោសល្យវិច័យចក្ខុ ស្នងការនគរបាលរាជធានីភ្នំពេញចុះមកកន្លែងទីតាំងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យ និងធ្វើកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញាតិជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖និនសុភ័ស្ត