ភ្នំពេញ ៖ បើយោងទៅលើផេកហ្វេសប៊ុកផ្លូវការ របស់ក្រសួងទេសចរណ៍កម្ពុជានៅព្រឹកថ្ងៃទី១២ មករា ឆ្នាំ២០២១កន្លងទៅនេះ បានឱ្យដឹងថា ,ការិយាល័យសេដ្ឋកិច្ចសេណេហ្កាល់ បានចុះផ្សាយនូវរបាយការណ៍ស្តីពីការផ្តល់ចំណាត់ថ្នាក់ដល់ប្រទេសដែលគ្រប់គ្រងជំងឺកូវីដ-១៩ បានល្អបំផុតក្នុងពិភពលោក ក្នុងនោះប្រទេសកម្ពុជានៅចំណាត់ថ្នាក់លេខ៣បន្ទាប់ពី Saint Kitls និងNevis ដែលជារដ្ឋតូចនៅតំបន់ការ៉ាអុីប និងសុីស្សែល។ ជាងនេះទៅទៀតកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ការិយាល័យសេដ្ឋកិច្ចសេណេហ្កាល់ដដែល បានចុះផ្សាយរបាយការណ៍របស់ខ្លួនថា កម្ពុជាបានជាប់ចំណាប់ថ្នាក់លេខ១ លើពិភពលោក ក្នុងការប្រយុទ្ធប្រឆាំង និងការទប់ស្កាត់ការរីករាតត្បាតនៃជំងឺកូរីដ-១៩ ដែលមានពិន្ទុ១/១(១ ជាពិន្ទុខ្ពស់បំផុតនៃការធ្វើចំណាត់ថ្នាក់)ក្នុងចំណោម ប្រទេស១១៦ ជុំវិញពិភពលោក បន្ទាប់មកគឺប្រទេសស៊ូដង់ខាងត្បួង និងប្រទេសប្រ៊ុយណេដែលបានពិន្ទ ០,៩៩។
ទាំងនោះសុទ្ធសឹងបានមកអំពីការគ្រប់គ្រងបានយ៉ាងល្អ និងម៉ឹងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ហើយប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសុវត្ថិភាពក្នុងការមកទស្សនាបើទោះនៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូរីដ-១៩។ ចំណាត់ថ្នាក់នេះ សបញ្ជាក់ឱ្យឃើញថា ប្រទេសកម្ពុជាពិតជាមានសមត្ថភាពគ្រប់គ្រង និងទប់ស្កាត់ជំងឺដ៏កាចសាហាវមួយនេះបាន ហើយវាក៏ជាមោទភាពរបស់ជាតិមួយផ្សេងទៀត របស់ប្រទេសកម្ពុជា និងជាឱកាសដ៏ល្អក្នុងការផ្សព្វផ្សាយ កម្ពុជា-ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ និងសុវត្ថិភាព ជូនដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនៅគ្រប់កាលៈទេសៈទាំងអស់។
ប្រជាពលរដ្ឋកម្ពុជា សូមអបអរសាទរយ៉ាងក្រៃលែងចំពោះការជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោកក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងកូវីដ-១៩ របស់ប្រទេសកម្ពុជា និងគាំទ្ររាល់កិច្ចសហការណ៍ជាមួយរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដើម្បីបន្តទប់ស្តាត់ជំងឺដ៏កាចសាហាវនេះ គ្រប់ពេលវេលាទាំងអស់៕
ដោយ៖សិលា