ភ្នំពេញ៖ បេីយោងតាមប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ក្នុងពិធីសម្ពោធជាផ្លូវការនូវគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០–២០២៥ នឹងធ្វើឱ្យកម្ពុជាក្លាយជាទីតាំងផលិត កែច្នៃ និងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមីមួយ ដែលអាចជឿទុកចិត្តបានសម្រាប់ទីផ្សារពិភពលោក។ ការថ្លែងរបស់លោករដ្ឋមន្រ្តី បានធ្វេីឡេីងក្នុងពិធីសម្ពោធជាផ្លូវការនូវគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០–២០២៥នេះ ដោយមានការអញ្ញើញចូលរួម ពីតំណាងក្រសួងស្ថាប័នក្នុងវិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានាដែលធ្វើការពាក់ព័ន្ធនឹងវិស័យនេះនៅក្នុងប្រទេសកម្ពុជា។
ថ្លែងក្នុងពិធីសម្ពោធ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថាគោលនយោបាយជាតិស្តីពីដំឡូងមី២០២០–២០២៥ ត្រូវបានណែនាំឱ្យបង្កើតឡើងនៅក្នុងឯកសារគម្រោងកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញពីកម្ពុជាដំណាក់កាលទីពីរ ផ្នែកដំឡូងមី (CEDEP II) និងមានចែងនៅក្នុងផែនការសកម្មភាពយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៤–២០១៨ ហើយគោលនយោបាយ ជាតិនេះ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការជាអន្តរក្រសួង និងជួយគាំទ្រពីដៃគូអភិវឌ្ឍន៍ ហើយបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៤ ខែសីហាឆ្នាំ២០២០។
លោករដ្ឋមន្ត្រីបន្តថា គោលនយោបាយជាតិនេះ មានគោលបំណងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាទីតាំងផលិតកែច្នៃ និងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមីមួយ ប្រកបដោយភាពជឿទុកចិត្តសម្រាប់ជំរុញការនាំចេញទៅទីផ្សារពិភពលោក និងមានគោលដៅសំខាន់ចំនួន៣ គឺ(ទី១) ការផ្លាស់ប្តូរពីផលិតកម្មដំឡូងមីបែបប្រពៃណីឬគ្រួសារ ឱ្យទៅជាផលិតកម្មដំឡូងមីបែបពាណិជ្ជកម្ម(ទី២) ការគាំទ្រដល់អ្នកកែច្នៃផលិតផលដំឡូងមីឱ្យមានសក្តានុពល និងទាក់ទាញវិនិយោគ ដើម្បីកែច្នៃផលិតផលពីដំឡូងមី ដែលមានតម្លៃបន្ថែមខ្ពស់សម្រាប់ផ្គត់ផ្គង់ទីផ្សារ(ទី៣) ការលើកកម្ពស់ភាពប្រកួតប្រជែងពាណិជ្ជកម្ម តាមរយៈការជ្រៀតចូល និងចាប់យកចំណែកទីផ្សារ ដោយផ្សារភ្ជាប់ទៅនឹងអន្តរវិស័យដែលពាក់ព័ន្ធក្នុងការនាំចេញ។
ជាមួយគ្នានោះរដ្ឋមន្ត្រីរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា តាមរយៈការវិភាគ ដំណាំដំឡូងមីត្រូវបានគេរកឃើញថាបានចូលរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ហេតុនេះដើម្បីទាញយកសក្តានុពលនេះ កម្ពុជាគួរតែធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់តម្លៃរបស់ខ្លួនដោយពង្រឹងសមត្ថភាព ដែលមានស្រាប់និងបង្កើតសមត្ថភាពថ្មីដើម្បីចាប់យកកាលានុវត្តភាពទីផ្សារ ដែលកំពុងរីកចម្រើនសម្រាប់កំណើនសេដ្ឋកិច្ចរួមនិងពង្រីកសេដ្ឋកិច្ចរបស់ខ្លួន ក្នុងការចូលរួមដើម្បីសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ២០៣០ និង២០៥០ជាក់ស្ដែងនៅក្នុងឆ្នាំនេះ ការប្រមូលផល និងការផ្គត់ផ្គង់មើមដំឡូងមីស្រស់ ចូលទីផ្សារពិភពលោក មានចំនួនរហូតទៅដល់១២លានតោនដែលជាពិសេសគឺស្ថិតនៅក្នុងតំបន់អាស៊ីខាងកើត ដែលក្នុងចំណែកនៃការផ្គត់ផ្គង់ទីផ្សារទាំងនេះ កម្ពុជាជាប្រទេសផលិតដំឡូងមីដ៏ធំ ដែលស្ថិតនៅលំដាប់ទី៤ នៅក្នុងតំបន់អាស៊ី និងលំដាប់ទី១០នៅក្នុងពិភពលោក។
ជាចុងក្រោយ លោក ប៉ាន សូរស័ក្តិ បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថាគោលនយោបាយជាតិនេះគឺជាការចាប់ផ្តើមនៃដំណើរថ្មីមួយសម្រាប់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍវិស័យកសិ–ពាណិជ្ជកម្ម ដែលនឹងនាំមកនូវកំណើនសេដ្ឋកិច្ចបន្ថែមប្រកបដោយបរិយាបន្នដល់កម្ពុជាក្នុងបរិបទប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងគាំទ្រដល់ផែនការរបស់រាជរដ្ឋាភិបាល ឆ្ពោះទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅពេលខាងមុខ។
គួរបញ្ជាក់ថា ដំឡូូងមី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាជននៅតាមទីជនបទ និងបង្កើតការងារថ្មី ក៏ដូចជាអភិវឌ្ឍន៍វិជ្ជាជីវៈនៅក្នុងការដាំដុះ ការប្រមូលផល ការកែច្នៃ សម្រាប់ការនាំចេញជាពិសេសវាជាដំណាំកសិ–ពាណិជ្ជកម្មសម្រាប់ការនាំចេញ និងមិនមែនជាអាហារមូលដ្ឋានសម្រាប់ចិញ្ចឹមជីវិតរបស់ប្រជាជនកម្ពុជាឡើយ ប៉ុន្តែវាជាដំណាំសំខាន់បំផុតបន្ទាប់ពីស្រូវ ពោត និងស្រូវសាលីហើយត្រូវបានដាំដុះដោយប្រជាកសិករនៅតាមទីជនបទ និងបានក្លាយទៅជាដំណាំសក្តានុពលដោយសារតំបន់ដាំដុះ និងបរិមាណនៃផលិតផល មានការពង្រីកច្រើនឡើងៗ យ៉ាងឆាប់រហ័ស៕ដោយ៖សហការី