ព័ត៌មានទាន់ហេតុការណ៍៖

សិស្សនៅតំបន់ដាច់ស្រយ៉ាលមួយ ក្នុងស្រុកកំពង់លែង ស្នើសុំសប្បុរសជនជួយឧបត្ថម ស៊ីទែនទឹកចំណុះ៥,០០០លីត្រ សម្រាប់ស្តុកទឹកប្រើប្រាស់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ សិស្សសាលាបឋមសិក្សាផ្លូវទូក ស្ថិតនៅក្នុងភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានស្នើសុំដល់ថ្នាក់ដឹកនាំ នូវស៊ីទែនទឹកជ័រមួយ ដែលមានចំណុះ៥,០០០លីត្រ ដើម្បីស្តុកទឹកសម្រាប់ឲ្យសិស្សានុសិស្ស លាងសម្អាតដៃ ជើង មុខមាត់ ដើម្បីជាការធ្វើអនាម័យនៅមុនពេល និងក្រោយពេលចូលថ្នាក់រៀន និងសម្រាប់ស្រោចផ្កា នៅក្នុងសាលារៀនដោយសារតែទឹកនៅឆ្ងាយពីសាលា។
សាលាបឋមសិក្សាផ្លូវទូកខាងលើនេះ បច្ចុប្បន្នស្ថិតនៅទីទួល ក្នុងតំបន់ទឹកលិច ដែលជាភូមិសាស្រ្តមួយត្រូវបានទឹកលិច នៅរៀងរាល់រដូវវស្សា និងនៅរដូវប្រាំងទឹកទន្លេស្រកទៅឆ្ងាយពីសាលា ដែលជាផលលំបាកដល់សិស្សានុសិស្សក្នុងការចុះលាងដៃជើង ត្រូវជួបហានិភ័យខ្ពស់ចំពោះសិស្សតូចៗ និងជួបការលំបាកក្នុងការទៅដងទឹក យកមកស្រោចដំណាំក្នុងសាលា។
សាលាបឋមសិក្សាផ្លូវទូកមាន២ខ្នង និងមាន៧បន្ទប់ ពីថ្នាក់ទី១ ដល់ទី៦ មានសិស្សចំនួន២៧៣នាក់ និងមានថ្នាក់មតេយ្យសិក្សាចំនួនមួយថ្នាក់ ដែលមានសិស្ស៣១នាក់ សរុបសិស្សទាំងថ្នាក់បឋមសិក្សា និងថ្នាក់ម្តេយ្យមានចំនួន៣០៤នាក់ ស្រី១៥០នាក់ និងមានគ្រូចំនួន៧នាក់ ផែនទីសិក្សាមាន៣ភូមិ គឺភូមិថ្នល់ឈើទាល ភូមិពាមខ្នង និងភូមិស្លត។
ដោយសារតែជួបនូវបញ្ហាខ្វះខាត ស៊ីទែនស្តុកទឹកសម្រាប់សិស្សប្រើប្រាស់នារដូវប្រាំង ព្រោះសិស្សត្រូវទៅដងទឹកដែលនៅឆ្ងាយពីសាលា សម្រាប់យកមកស្រោចដំណាំផ្សេងៗ នៅក្នុងថ្នាក់ និងដោយមើលឃើញពីហានិភ័យសម្រាប់សិស្សតូចៗ ដែលបានទៅលាងដៃជើងនៅឆ្ងាយពីសាលា ហើយជាទឹកទន្លេជ្រៅផងនោះ ទើបលោកគ្រូ អ្នកគ្រូ និងមាតាបិតាសិស្សានុសិស្សទាំងអស់ បានគោរពស្នើសុំដល់ថ្នាក់ដឹកនាំនិងសប្បុរសជន ចូលរួមផ្តល់ស៊ីទែនទឹកជ័រ១ ដែលមានចំណុះ៥,០០០លីត្រ សម្រាប់ស្តុកទឹកទុកប្រើប្រាស់ក្នុងសាលា ។ តាមរយៈសារព័ត៌មានលោក គ្រូអ្នកគ្រូ ស្នើសប្បុរសជនទាំងក្នុងខេត្ត ឬក្រៅខេត្ត ចូលជួយឧបត្ថម្ភធុងទឹក សម្រាប់ជាប្រយោជន៍រួមដល់សិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូ ដែលកំពុងរៀននិងបង្រៀននៅសាលាក្នុងតំបន់ដាច់ស្រយ៉ាលមួយនេះ ៕ដោយ៖ចន្ថា


ចែករំលែក៖