ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌចំនួន២​ រួមគ្នានាំយកអំណោយរបស់សម្តេចតេជោ ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្ររស់នៅសហគមន៍ផ្លូវរថភ្លើង

ចែករំលែក៖

      ភ្នំពេញ៖លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងលោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក នៅថ្ងៃអាទិត្យ ៤កើត ខែមាឃ ឆ្នាំជូត ទោស័ក .ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧  ខែមករា ឆ្នាំ២០២១បានអញ្ជើញរួមគ្នានាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រលំបាក រស់នៅសហគមន៍ផ្លូវរថភ្លើង

ក្នុងកម្មវិធីនេះបានរៀបចំឡើងនៅក្នុងបរិវេណវត្តនាគវ័ន្តដែលមានបងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួមប្រមាណជា ១២៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន ០១បាវ ស្មើរនឹង ២៥គីឡូក្រាម, រួមជាមួយថវិកាចំនួន២០,០០០រៀល

ឆ្លៀតក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំខណ្ឌទាំងពីរ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និងសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុនសែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងការផ្តាំផ្ញើសួរសុខទុក្ខរបស់លោក អភិបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសសូមថែរក្សាអនាម័យក្នុងការរស់នៅ ដោយហូបស្អាត ផឹកស្អាត ពាក់ម៉ាស់ និង ឧស្សាហ៍លាងដៃជាមួយអាលកុល ឬសាប៊ូ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ផងដែរ៕

ដោយ៖ស​ តារា


ចែករំលែក៖