ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ ខណៈបើករថយន្តលឿនហើយរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវនៅគល់ស្ពាន៧មករា រួចបន្តទៅបុកបង្គោលភ្លើងបាក់អស់មួយដើម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ លីម ឡាយអ៊ូ អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះលេខ៨៣អឺសូន្យ ផ្លូវលេខ១៦១ ភូមិ៥ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ត Ford Ranger ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2BA-1827 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវគល់ស្ពាន៧មករាយ៉ាង ពេញទំហឹង រួចបន្តទៅបុកបង្គោលភ្លើង បាក់អស់មួយដើមទៀតទៅមុខលែងរួច បណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញជាបណ្តោះអាសន្ន ។ ចំណែកសពប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យេតាមប្រពៃណី៕ ដោយ៖ជ្រោយពេជ្រ