ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី បានអញ្ជើញចូលរួមសន្និបាតប្រចាំឆ្នាំរបស់«សហគមន៍ទេសចរណ៍បឹងឈូក»៖ គំរូភាពនៃសហគមន៍ ដែលអាចធានាបាននូវការរីកចម្រើនប្រកបដោយបរិយាបន្ន ការពារផលប្រយោជន៍រួមនៅក្នុងសហគមន៍ និងចូលរួមការអភិវឌ្ឍប្រកបដោយចីរភាព។
លោកអភិបាលស្រុកបានថ្លែងថា, សហគមន៍ទេសចរណ៍បឹងឈូក អាចចាត់ទុកបានថាជាសហគមន៍គំរូមួយ ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលស្រុកបន្ទាយស្រី លើការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងរយៈកាលកន្លងមក។ សហគមន៍ដែលមានសមាជិកមកពីប្រមាណ៣០០គ្រួសារនេះ មានរចនាសម្ព័ន្ធគ្រប់គ្រង និងលក្ខន្តិកច្បាស់លាស់ មានរបបប្រជុំនិងការបោះឆ្នោតជ្រើសរើសតំណាងដឹកនាំជាប្រចាំ ក៏ដូចជាមានការបង្កើតទុន និងការបែងចែកភាគលាភបានយ៉ាងត្រឹមត្រូវ។ ក្រៅពីបានបង្កើតការងារ និងប្រាក់ចំណូលដល់សមាជិករបស់ខ្លួន សហគមន៍ក៏បានបង្ហាញពីការទទួលខុសត្រូវ តាមរយៈការបង្កើតមូលនិធិដាច់ដោយឡែក ដើម្បីចូលរួមយ៉ាងសកម្មលើការងារអភិរក្សជីវៈចម្រុះរបស់បឹង ឃ្លាំមើលការកាប់បំផ្លាញព្រៃឈើឬទន្ទ្រានយកដី និងចូលរួមថែរក្សាបរិស្ថានអនាម័យជាមួយរដ្ឋបាលស្រុកជាប្រចាំផងដែរ។
លោកបានបន្តថា, បើទោះជាស្ថិតនៅក្នុងកាលៈទេសៈនៃកូវីដ១៩ក៏ដោយ ក៏សហគមន៍បានបន្តពង្រីកវិសាលភាពរបស់ខ្លួនយ៉ាងឆាប់រហ័ស និងមើលឃើញកំណើននៃប្រាក់ចំណូលនៅក្នុងឆ្នាំ២០២០កើនឡើងពី៥ទៅ៦ដងធៀបនឹងឆ្នាំ២០១៩។ អ្វីដែលពិសេសនោះគឺ ផ្លែផ្កានៃការរីកចម្រើនទាំងនេះត្រូវបានបែងចែកជាភាគលាភប្រកបដោយសមធម៌ទៅដល់គ្រប់សមាជិកនីមួយៗទាំង៣០០គ្រួសារនៅក្នុងសហគមន៍ ទោះក្នុងចំនួនតិចក្តីច្រើនក្តី។ ភាពជោគជ័យនៃសហគមន៍បឹងឈូកបាន និងកំពុងក្លាយទៅជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ជាគំរូដល់ការបង្កើតសហគមន៍ផ្សេងៗទៀតនៅក្នុងស្រុកបន្ទាយស្រី ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍនៅក្នុងមូលដ្ឋានមួយ ដែលមាននិរន្តភាព។
លោក ឃឹម ហ្វីណង់ បញ្ជាក់ថា, សហគមន៍ទេសចរណ៍បឹងឈូកគឺជាប្រតិបត្តិករនៃរមណីយដ្ឋានបឹងឈូកបន្ទាយស្រី ដែលកំពុងទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តពី៥០០នាក់ទៅ១០០០នាក់ក្នុងមួយថ្ងៃៗ ដោយសារតែសម្រស់ធម្មជាតិព្រៃភ្នំដ៏ស្រស់ស្អាត ផ្ទៃបឹងធំល្វឹងល្វើយ ខ្យល់អាកាសល្អបរិសុទ្ធ មានរៀបចំជាក្យូស
បណ្តែតទឹក និងសេវាម្ហូបអាហារគ្រប់ប្រភេទ រួមនឹងការជិះទូកកម្សាន្តទស្សនាព្រៃកោងកាង សត្វស្លាប និងជីវៈចម្រុះច្រើនប្រភេទ៕
ដោយ៖ សិលា