ភ្នំពេញ ៖ យុវជន២នាក់បើកម៉ូតូឌុបគ្នាវ៉ាជែងជ្រុលទៅប៉ះពីក្រោយរថយន្តមិនចាំម៉ាកមួយគ្រឿង រួចរេចង្កូតឆ្លងផ្លូវទៅបុកចូលក្រោមរថយន្តមួយគ្រឿងទៀតដែលកំពុងបើកបណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង៩និង១០នាទីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវជាតិលេខ៥ ក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះម៉ុន គួង អាយុ១៩ឆ្នាំ មានប្រពន្ធនិងកូនមួយ មានស្រុកកំណើតនៅភូមិបន្ទាយចាស់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញយុវជន២នាក់ បើកម៉ូតូឌុបគ្នាម៉ាកហុងដាឌ្រីមសេ១២៥ពាក់ស្លាកលេខបាត់ដំបង1AD-1820 ធ្វើដំណើរតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានទៅប៉ះពីក្រោយរថយន្តនៅខាងមុខមិនចាំម៉ាករួចក៏ជ្រុលចង្កូតឆ្លងផ្លូវទៅបុកចូលក្រោមរថយន្តម៉ាក TOYOTA VIGO ពាក់ស្លាកលេខ 2AA-2121 ដែលបើកក្នុងទិសដៅពីជើងទៅត្បូង បណ្តាលឲ្យកិនស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសស្រាល ចំណែកអ្នកបើករថយន្តត្រូវសមត្ថកិច្ចឃាត់បាន។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ចំណែកសពប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យេតាមប្រពៃណី៕ជ្រោយពេជ្រ