ព័ត៌មានទាន់ហេតុការណ៍៖

បិសាចក្រហមបន្តឈរលេខ១ ក្រោយប្រកួតស្មើ Liverpool ខណៈ Man City ហក់មកឈរលេខ២បណ្តោះអាសន្ន

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United បានបន្តឈរកំពូលតារាងបណ្តោះអាសន្ន ក្រោយពីប្រកួតស្មើជាមួយក្រុមហង្សក្រហម Liverpool ក្នុងលទ្ធផល ០ទល់០ សម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី១៨ កាលពីរាត្រីថ្ងៃទី១៧ មករា ឆ្នាំ២០២១។ ចំណែកក្រុមមេឃខៀវ Manchester City បានហក់មកឈរលេខរៀងទី២ បណ្តោះអាសន្នក្រោយយកឈ្នះក្រុមភ្ញៀវ Crystal Palace ក្នុងលទ្ធផល ៤ទល់០។

យោងតាមសារព័ត៌មាន BBC Sport បានចេញផ្សាយថា ក្រុមហង្សក្រហម Liverpool បានព្យាយាមគ្រប់គ្រងបាល់បានច្រើនរហូតដល់៦៦ភាគរយក្នុងការប្រកួតកាលពីយប់មិញ ប៉ុន្តែនៅតែមិនអាចធ្វើអ្វីក្រុម Man United បានឡើយ។ ការស៊ុតចំគោលដៅរបស់ក្រុមហង្សក្រហមមាន៣ដង និងបិសាចក្រហមមាន៤ដង។

ចប់ការប្រកួតក្រុមទាំង២បានត្រឹមលទ្ធផលស្មើគ្នា០ទល់០ប៉ុណ្ណោះ ដោយទទួលបានម្នាក់១ពិន្ទុ ធ្វើឲ្យក្រុមបិសាចក្រហមបន្តឈរកំពូលតារាងមាន៣៧ពិន្ទុ ខណៈដែលក្រុមហង្សក្រហម Liverpool បានធ្លាក់មកឈរចំណាត់ថ្នាក់លេខ៤មាន៣៤ពិន្ទុក្នុងចំណោម១៨ប្រកួតដូចគ្នា។

ចំណែកក្រុមម្ចាស់ផ្ទះមេឃខៀវ Man City បានហក់មកឈរលេខ២បណ្តោះអាសន្នក្រោយពីយកឈ្នះក្រុមភ្ញៀវ Crystal Palace ក្នុងលទ្ធផល៤ទល់០ ដែលការប្រកួតនោះក្រុមម្ចាស់ផ្ទះគ្រប់គ្រងបាល់ស្ទើរតែពាក់កណ្តាលតារាងទៅហើយ។

៤គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Man City រកបានដោយកីឡាករ Stones នៅនាទីទី២៦ គ្រាប់ទី២រកបានដោយកីឡាករ Gündoğan នៅនាទីទី៥៦ គ្រាប់ទី៣រកបានដោយកីឡាករ Stones ដដែលនៅនាទីទី៦៨ និងគ្រាប់ទី៤រកបានដោយខ្សែប្រយុទ្ធ Sterling នៅនាទីទី៨៨ ជិតចប់ការប្រកួត។

លទ្ធផលនេះធ្វើឲ្យក្រុមមេឃខៀវ Man City ឈរចំណាត់ថ្នាក់លេខ២ មាន៣៥ពិន្ទុ ក្នុង១៧ប្រកួត ហើយអាចនឹងឈរកំពូលតារាង ព្រោះនៅសល់១ប្រកួតទៀត។ ចំណែកក្រុម Crystal Palace ក្រោយពីចាញ់កាលពីយប់មុិញបានធ្លាក់មកឈរចំណាត់ថ្នាក់លេខ១៣ មាន២៣ពិន្ទុក្នុង១៩ប្រកួត ៕

ដោយ៖ភារៈ


ចែករំលែក៖