ព័ត៌មានទាន់ហេតុការណ៍៖

CAMSOC រៀបចំសន្និបាតបូកសរុបវឌ្ឍនភាពការងារ និងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីយុទ្ធនាការអប់រំសង្គម

ចែករំលែក៖

     ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានរៀបចំសន្និបាតបូកសរុបវឌ្ឍនភាពការងារឆ្នាំ២០២០ និងលើកទិសដៅបន្ដឆ្នាំ២០២១ និងសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីយុទ្ធនាការអប់រំសង្គម ឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅសណ្ឋាគារហ្គាឌិនស៊ី រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។
សន្និបាត និងសិក្ខាសាលាថ្នាក់ជាតិនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC, លោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ដ្រៃយ៍ CAMSOC រួមថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួង ស្ថាប័ន និងថ្នាក់ដឹកនាំរាជធានី-ខេត្ត ប្រមាណ ២០០នាក់។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុកសន្និបាតប្រចាំឆ្នាំនេះគឺជាការជួបជុំដ៏សំខាន់ ដើម្បីប្រមូលនូវធាតុចូលបន្ថែមពីសំណាក់គ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមដើម្បីពង្រឹងផែនការយុទ្ធសាស្ដ្រ ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ព្រមទាំងដោះស្រាយនូវបញ្ហាសេសសល់មួយចំនួន ដើម្បីពន្លឿនការងារប្រកបដោយប្រសិទ្ធភាព និងស័ក្ខសិទ្ធភាពឆ្ពោះទៅរកជោគជ័យក្នុងព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ដ្ររបស់កម្ពុជាជាលើកដំបូងនេះ។ សម្រាប់ការរៀបចំសិក្ខាសាលាថ្នាក់ជាតិ ក្នុងពេលជាមួយគ្នានេះដែរ ពិតជាមានសារៈសំខាន់នៃភាពលម្អិតអំពីយុទ្ធនាការនីមួយៗដល់ក្រសួង ស្ថាប័ន និងរាជធានី-ខេត្តទាំងអស់ ក្នុងការអនុវត្តប្រកបដោយគុណតម្លៃ និងឈរលើស្មារតីរួមគ្នាតែមួយ ដើម្បីបង្ហាញមុខមាត់ថ្មីអំពីការអភិវឌ្ឍ និងភាពរីកចម្រើននៃរាជធានីភ្នំពេញ និងប្រទេសកម្ពុជាទាំងមូល តាមរយៈការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅឆ្នាំ២០២៣ ទៅកាន់តំបន់ទ្វីប និងពិភពលោក។

សូមបញ្ជាក់ថា នៅក្នុងកម្មវិធីដ៏មានសារៈសំខាន់ នៅថ្ងៃនេះ មានរបៀបវារៈសំខាន់ៗត្រូវបានលើកឡើង ដូចជាយុទ្ធនាការ «ប្រជាជនម្នាក់ លេងកីឡាមួយមុខ», «បរិស្ថានសង្គម ដើម្បីគាំទ្រព្រឹត្តិការណ៍កីឡា», «កម្ពុជាស្អាត បដិសណ្ឋារកិច្ចល្អ», «ការរៀបចំសណ្ដាប់ធ្នាប់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍» និងផលប៉ះពាល់ និងគ្រោះថ្នាក់គ្រឿងញៀន» ជាដើម ដែលគ្រប់ក្រសួង ស្ថាប័ន និងរាជធានី-ខេត្តត្រូវអនុវត្ត និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់ៗរូប និងទូទាំងប្រទេស៕

ដោយ៖ សិលា


ចែករំលែក៖