ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយរកឃើញករណីឆ្លងជំងឺកូវីដ-១៩​ នៅផ្សារមួយកន្លែងក្នុងទីក្រុងបាងកក អាជ្ញាធរថៃប្រកាសបិទភ្លាមៗ

ចែករំលែក៖

អន្តរជាតិ៖​ អាជ្ញាធរសុខាភិបាលថៃ​ បានប្រកាសថា ផ្សារមួយនៅក្នុងទីក្រុងបាងកក​ ត្រូវបានរកឃេីញករណីឆ្លងកូវីដ–១៩​ ដូច្នេះនឹងត្រូវបិទចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២១ ខែមករា ដើម្បីធ្វើការសំអាតយ៉ាងហ្មត់ចត់លើគ្រប់វិស័យនិងបើកដំណើរការឡើងវិញនៅថ្ងៃទី ២២ ខែមករា។នេះបេីយោងតាមគេហទំព័រហ្វេសប៊ុករបស់ផ្សារ Thanommit ។

ជាក់ស្តែងនៅក្នុងសេចក្ដីប្រកាសនៅក្នុងគេហទំព័រហ្វេសប៊ុកនោះបានបញ្ជាក់ថា ការបិទផ្សារនេះធ្វើឡើងបន្ទាប់ពី អ្នកលក់ម្នាក់បានធ្វើតេស្តវិជ្ជមានជំងឺCovid-19 ។ ខណៈអ្នកលក់ម្នាក់នេះ ស្ថិតក្នុងចំណោមមនុស្សចំនួន ១០នាក់ដែលត្រូវបានរកឃើញថាឆ្លងជំងឺ Covid-19 ដែលបានបញ្ជាក់ដោយរដ្ឋបាលក្រុងបាងកក (BMA) កាលពីថ្ងៃអាទិត្យ។សេចក្តីប្រកាសដដែល​ បានបន្ថែមទៀតថា នៅថ្ងៃអង្គារទី១៩​ មករានេះ មន្ត្រីក្រសួងសុខាភិបាលថៃ និងការិយាល័យស្រុកបាងខេននឹងប្រមូលសំណាកពីអាជីវករ និងបុគ្គលិកផ្សារហើយនឹងចេញលទ្ធផលនៅថ្ងៃទី ២១ ខែមករា។ចំណែកអាជីវករដែលធ្វើតេស្តអវិជ្ជមាន នឹងត្រូវបានអនុញ្ញាតនៅក្នុងទីផ្សារដើម្បីរៀបចំតូបរបស់ខ្លួនសម្រាប់បើកឡើងវិញនៅថ្ងៃសុក្រនេះ៕

ដោយ៖សហការី


ចែករំលែក៖