ភ្នំពេញ៖ ដោយយោងតាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ នៅវេលាម៉ោង៨:០០ព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០២១នេះ បានចាប់ផ្តើមដាក់ឱ្យដំណើរការជាបណ្តោះអាសន្ននូវផ្លូវតភ្ជាប់ចរាចរចំនួន ២ខ្សែនៅការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលរួមមាន៖
១-ផ្លូវតភ្ជាប់ចរាចរឯកទិសពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅមហាវិថីចោមចៅ មានប្រវែង ៤៥៨ម៉ែត្រ ទទឹង៨.៥ម៉ែត្រ ជាផ្លូវក្រោមដីមានជម្រៅ៣.៧ម៉ែត្រធៀបនឹងកម្ពស់នីវ៉ូមហាវិថីចោមចៅ។
២-ផ្លូវតភ្ជាប់ចរាចរឯកទិសពីផ្លូវជាតិលេខ ៤ បត់ស្តាំឆ្ពោះទៅផ្លូវជាតិលេខ៣ មានប្រវែង១១៦ម៉ែត្រ ទទឹង ៥.៥ម៉ែត្រ ជាផ្លូវក្រោមដីមានជម្រៅ១.៨៦ម៉ែត្រធៀបនឹងកម្ពស់នីវ៉ូផ្លូវជាតិលេខ ៣៕
ដោយ៖សូ រិយា