ខេត្តស្វាយរៀង៖ អនុវត្តតាមការណែនាំរបស់នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកចន្រ្ទា និងក្រុងបាវិត នៅព្រឹកថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា បានដឹកនាំក្រុមការងារ រួមមាន លោកអភិបាលរងស្រុក មន្ត្រីរាជការសាលាស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំមេសរថ្ងក ឃុំសំរោង និងឃុំច្រេស លោកមេភូមិ អនុភូមិ និងជំនួយការភូមិ ចុះត្រួតពិនិត្យ និងនាំគ្រឿងចក្រមកជួសជុលផ្លូវជង្ហុក ដោយកិនបង្ហាប់និងក្រាលថ្មមិចប្រវែង ៧៥៥០ម៉ែត្រចាប់ពីកែងភូមិកោះក្បនខាងជើងឃុំសំរោង កាត់តាមភូមិបារាយណ៍ ភូមិស្វាយគុយ ឃុំមេសរថ្ងកដល់កែងភូមិបន្លាស្អិត ឃុំច្រេស ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក ក្រោមការជួយឧបត្ថម្ភថវិកាពី នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចន្រ្ទា និងក្រុងបាវិត រួមនិឹងថវិកាព្រះសង្ឃ និងសប្បុរសជននានានៅក្នុងស្រុកចន្ទ្រា។
មានប្រសាសន៍ក្នុងឱកាសនោះ លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់នាយឧត្តមសេនីយ៍ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយស្រុកចន្ទ្រា ជាពិសេសលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកដែលជានិច្ចកាលលោកប្រធានក្រុមការងារចុះជួយស្រុក លោកអភិបាលខេត្តស្វាយរៀងតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
លោក អភិបាលស្រុក បានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅអមសងខាងផ្លូវត្រូវជួយថែរក្សាផ្លូវឱ្យបានល្អ មិនអនុញ្ញាតឱ្យចាក់ដីខ្ពស់ជាងផ្លូវទេ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនូវការរស់នៅស្អាត ពិសាទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេសសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហែសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះមួយរយៈពេលដ៏ខ្លីនេះ មានករណីឆ្លងថ្មីទៀតហើយ៕
ដោយ៖យឹម សុថាន