ព័ត៌មានទាន់ហេតុការណ៍៖

សាហាវណាស់! យកក្មេងប្រុសអាយុជាង២ឆ្នាំធ្វើជាចំណាប់ខ្មាំងដើម្បីគំរាមសមត្ថកិច្ចឲ្យដោះលែងខ្លួនតែមិនសម្រេចត្រូវសមត្ថកិច្ចចាប់ខ្លួនបានដដែល

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់បានស្រែកឡូឡានៅមុខរោងចក្រមួយកន្លែង ហើយខណៈឃើញសមត្ថកិច្ចមកដល់ក៏ស្ទុះទៅចាប់ក្មេងប្រុសអាយុជាង២ឆ្នាំម្នាក់ ដោយភ្ជង់កនឹងកូនកាំបិតរួចស្រែកគំរាមសមត្ថកិច្ចថា​ ប្រសិនបើចាប់ខ្លួនៗនឹងសម្លាប់ក្មេងនេះចោល ប៉ុន្តែការគំរាមនេះមិនបានសម្រេចដូចបំណងទេ គឺជនសង្ស័យត្រូវសមត្ថកិច្ចចាប់ខ្លួនបានដដែល ហើយក្មេងប្រុសដែលជនសង្ស័យយកធ្វើជាចំណាប់ខ្មាំងនោះ​ក៏ពុំទទួលរងរបួសអ្វីដែរ។ ករណីនេះ​បានកើតឡើងកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៤និង១៥នាទី នៅចំណុចភូមិពងទឹក​ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

      មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះស សុខហេង អាយុជាង២ឆ្នាំ ត្រូវជាកូនបង្កើតរបស់ឈ្មោះ ឃឿន ស្រីនោ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិត្រពាំងនំ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល។ចំណែកជនសង្ស័យឈ្មោះ.មុត សុវណ្ណ ហៅចិន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន)។ ដោយឡែកវត្ថុតាងចាប់យកមានកូនកាំបិតមុខស្រួចដងជ័រ១ និងកូនកាំបិតមុខស្រួចបត់១,​ ដែកមុខស្រួចដងជ័រ១ និងកូនកន្រ្តៃមុខស្រួចបត់១,​ដែកកេះពណ៌ក្រហម១និងដបដាក់សាំងចំណុះកន្លះលីត្រ១។

    ប្រភពដដែលបន្តថា​ នៅមុនពេលកើតហេតុជនសង្ស័យបានដើរចេញពីផ្ទះនៅភូមិថ្នល់ទទឹង ឃុុំដំណាក់អំពិល ស្រុកអង្គស្នួល ហើយទៅរកអតីតប្រពន្ធដែលធ្វើការងារក្នុងរោងចក្រផលិតស្បែកជើងស្ថិតក្នុងភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ដើម្បីសុំលុយ១ម៉ឺនរៀលទុកចាយ ខណៈជនសង្ស័យដើរទៅដល់មុខរោងចក្រដែលអតីតប្រពន្ធធ្វើការក៏ស្រែកហៅឈ្មោះប្រពន្ធ ភ្លាមនោះក៏ឃើញប្រពន្ធដើរចេញមក ហើយក៏ដើរចូលទៅក្នុងវិញទៅ ទើបជនសង្ស័យនៅឈរខាងក្រៅរោងចក្រ ហើយស្រែកឡូឡានៅខាងមុខរោងចក្រនោះ។ បន្ទាប់មកខាងរោងចក្របានទូរស័ព្ទទៅប្ដឹងសមត្ថកិច្ចប៉ុស្ដិ៍ដំណាក់អំពិល ហើយខណៈសមត្ថកិច្ចមកដល់ ជនសង្ស័យក៏រត់គេចហើយចាប់កុមាររងគ្រោះខាងលើ ដោយយកកូនកាំបិតភ្ជង់ក ហើយគំរាមថានឹងសម្លាប់

បើមិនដោះលែងខ្លួនទេនោះ។ បន្ទាប់មកសមត្ថកិច្ចបានរកវិធីរហូតចាប់ខ្លួនជនសង្ស័យបាន និងជួយសង្រ្គោះក្មេងរងគ្រោះដែលជាចំណាប់ខ្មាំងបាន​ ហើយដកហូតវត្ថុតាង​បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកចាត់ការតាមច្បាប់៕ ស្អាងជ័យ


ចែករំលែក៖