ខេត្តស្វាយរៀង៖ លោក យស់ ពៅ នាយកវិទ្យាល័យស្វាយរៀងបានអំពាវនាវដល់មាតាបិតា អាណាព្យាបាលសិស្សទាំងអស់ឱ្យមានការជិតស្និទ្ធជាមួយសាលារៀន ដើម្បីបានទទួលព័ត៌មានស្ដីពីការរៀន និងបង្រៀននៅវិទ្យាល័យស្វាយរៀង។
ការអំពាវនាវបែបនេះរបស់លោកនាយកវិទ្យាល័យបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំជាមួយសិស្សមធ្យមសិក្សាទុតិយភូមិ ផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុងសាលា បញ្ហាអនាម័យបរិស្ថាន ច្បាប់ចរាចរណ៍ គ្រឿងញៀន សុខភាពសិក្សាក្នុងបរិបទជំងឺកូវីដ-១៩។
ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោកនាយករង លោកគ្រូអ្នកគ្រូ សិស្សានុសិស្សមធ្យមសិក្សាទុតិយភូមិវិទ្យាល័យស្វាយរៀងផងដែរ។
លោក យស់ ពៅ បន្តថា តួនាទីរបស់ឪពុកម្ដាយគ្រប់ៗរូបត្រូវធ្វើដើម្បីឱ្យកូនៗរបស់ខ្លួនឯងជៀសផុតពាក្យកុំទាំង៤យ៉ាងនេះគឺ៖
ទី១-កុំចាំកូនសេពគ្រឿងញៀន
ទី២-កុំចាំកូនក្លាយជាបងតូចបងធំ
ទី៣-កុំចាំកូនភ្លើតភ្លើននឹងសម្ភារនិយមខុសរបៀប
ទី៤-កុំចាំកូនធ្លាក់ខ្លួនចូលក្នុងល្បែង ស្រី ស្រា និងស្នេហាភ្លើតភ្លើនខុសរបៀប។
ជាមួយគ្នានោះលោកនាយកក៏បានក្រើនរំលឹកដល់កូនក្មួយជាសិស្សានុសិស្សត្រូវបន្តការអនុវត្តវិធានការបង្ការ ទប់ស្កាត់ការឆ្លងរីករាយដាលនៃជំងឺកូវីដ-១៩ ស្របតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលនិងត្រូវបន្តគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នានិងចូលរួមទប់ស្កាត់ការជួញដូរ និងមិនប្រើប្រាស់គ្រឿងញៀនជាដាច់ខាត៕ដោយ៖ យឹម សុថាន