អន្តរជាតិ៖ បើតាមការអះអាងពីរដ្ឋមន្ត្រីសុខាភិបាល លោក Chen Shih –chung នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ថា ក្រោយផ្ទុះករណីឆ្លងកូវីដ-១៩ នៅមន្ទីរពេទ្យមួយក្នុងក្រុង Taoyuan អាជ្ញាធរតៃវ៉ាន់ ប្រកាសឲ្យប្រជាជនប្រមាណ ៥ពាន់នាក់ ធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។
លោក Chen Shih-chung រដ្ឋមន្ត្រីសុខាភិបាលតៃវ៉ាន់ បានបញ្ជាក់បន្ថែមថា ចំនួនប្រជាជនដែលត្រូវធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃអាចនឹងមានដល់ទៅ៥ពាន់នាក់។ ពួកគេ សុទ្ធតែជាប់ពាក់ព័ន្ធជាមួយនឹងអ្នកជំងឺដែលផ្ទុកកូវីដ-១៩ ក្នុងមន្ទីរពេទ្យនៅក្រុងខាងលើ។ លោកបន្តថា មនុស្ស១៣០០នាក់ហើយកំពុងធ្វើចត្តាឡីស័ក ហើយរដ្ឋាភិបាលកំពុងធ្វើតេស្តជាបន្តទៀតចំពោះអ្នកដែលកំពុងធ្វើចត្តាឡីស័កទាំងអស់នោះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយ។
សូមជម្រាបថា ចំពោះវិធានការនេះ ធ្វើឡើង ស្របពេលរដ្ឋាភិបាលតៃវ៉ាន់ព្យាយាមគ្រប់គ្រងករណីផ្ទុះជំងឺកូវីដ-១៩ ដែលពាក់ព័ន្ធករណីឆ្លងនៅមន្ទីរពេទ្យក្រុង Taoyuan ។ ព្រោះកន្លងទៅ តៃវ៉ាន់ បានគ្រប់គ្រងការរាលដាលជំងឺកូវីដ-១៩ បានយ៉ាងល្អដោយសារវិធានការមានប្រសិទ្ធភាពនិងបានទាន់ពេលវេលា។ យ៉ាងណាមិញ ករណីផ្ទុះជំងឺនេះនៅឯមន្ទីរពេទ្យមួយនៅទីក្រុង Taoyuan នៅភាគខាងជើងដែនកោះនេះ កំពុងបង្កឱ្យមានការព្រួយបារម្ភខ្លាំង ដែលតម្រូវឱ្យអាជ្ញាធរចាត់វិធានការតឹងរ៉ឹង។
បេីមែនទែនទៅ ជុំវិញករណីខាងលេីនេះវាមិនមែនជារឿងប្លែកសម្រាប់វិធានការខ្លាំងបែបនេះនៅតៃវ៉ាន់។ ខណៈដែនកោះមួយនេះ ប្រកាន់ជំហរប្រុងប្រយ័ត្ននៅពេលមានករណីឆ្លង ទោះមួយករណីក៏ដោយ។ តៃវ៉ាន់ មានប្រព័ន្ធតាមដានយ៉ាងមានប្រសិទ្ធភាពដើម្បីត្រួតពិនិត្យលើអ្នកដែលទាក់ទងករណីវិជ្ជមាន ហើយក៏មានប្រព័ន្ធត្រួតពិនិត្យអ្នកធ្វើចត្តាឡីស័ក និងការដាក់ពិន័យដ៏តឹងរ៉ឹងដែរ។ កន្លងទៅ អ្នកល្មើសការធ្វើចត្តាឡីស័កដោយគ្រាន់តែចេញបន្ទប់ ត្រូវបង់ប្រាក់ពិន័យយ៉ាងច្រើន។
គួររម្លឹកដែរថា ដោយសារតែមានព្រឹត្តិការណ៍ឆ្លងក្នុងមន្ទីរពេទ្យដដែលនេះរដ្ឋាភិបាលតៃវ៉ាន់ ក៏សម្រេចរំសាយកម្មវិធីបុណ្យគោមធំមួយដែលនឹងត្រូវធ្វើឡើងនាថ្ងៃបុណ្យចូលឆ្នាំចិនខាងមុខ។
គួរបញ្ជាក់ថា កោះតៃវ៉ាន់មានអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យតែ ៩៥ នាក់ក្នុងចំណោមករណីវិជ្ជមានសរុបចំនួន៨៨៩នាក់និងមានករណីស្លាប់ចំនួន៧នាក់៕
ដោយ៖ស តារា
លោក Chen Shih –chung រដ្ឋមន្ត្រីសុខាភិបាលតៃវ៉ាន់
រូបថត៖ Xinhua