ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋលេខាធិការ ឯម ច័ន្ទមករា៖ ត្រូវពង្រឹងសមត្ថភាពអ្នកពាក់ព័ន្ធ អំពីហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព!

ចែករំលែក៖

ភ្នំពេញ៖ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានអះអាងថា រាជរដ្ឋាភិបាល ដើម្បីបង្ហាញអំពីឆន្ទៈនយោបាយរបស់ខ្លួនចំពោះជនមានពិការភាពលើការបង្កលក្ខណៈងាយស្រួល រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រមួយចំនួនដូចជាការលើកកម្ពស់ និងផ្សព្វផ្សាយការយល់ដឹងអំពីបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាពដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល។ លោក ថ្លែងបែបនេះ ក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីការផ្សព្វផ្សាយបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួល សម្រាប់ជនមានពិការភាព និងកម្រងឯកសារបណ្តុះបណ្តាល នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។

លោកបានបន្ថែមថា ដើម្បីពង្រឹងការកសាងសមត្ថភាពដល់អ្នកពាក់ព័ន្ធអំពីហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួល សម្រាប់ជនមានពិការភាពដែលរារាំងដល់ ការចូលរួមពេញលេញរបស់ជនមានពិការភាព ហើយការពង្រឹងក្រុមការងារសកម្មភាពជនពិការ តាមក្រសួង ស្ថាប័ន រាជធានី ខេត្ត យន្តការតាមដានត្រួតពិនិត្យ ដើម្បីជំរុញការអនុវត្តបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ចរូបនេះបានលើកឡើងថា យើងក៏ត្រូវជំរុញការវិភាគថវិការដ្ឋដើម្បីគាំទ្រដល់ការសាងសង់និងកែសម្រួល ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈរបស់រដ្ឋ និងការជំរុញឲ្យក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់វិស័យចេញលិខិតជូន ដំណឹងឲ្យមានការកែសម្រួលនិងរៀបចំបង្កលក្ខណៈងាយស្រួលក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ បង្កើនការដាក់ផ្លាកសញ្ញាចំណតអាទិភាពសម្រាប់ជនមានពិការភាព។

លោកបានសង្កត់ធ្ងន់ថា ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ បានចង្អុលបង្ហាញថាទីកន្លែងសាធារណៈសំដៅដល់បរិវេណ ទីតាំង អគារ និងមធ្យោបាយដឹកជញ្ជូននានាដែលជាកម្មសិទ្ធិរបស់រដ្ឋ សាធារណៈ ឬឯកជន ដែលបើកទូលាយនិងផ្តល់សេវាដល់សាធារណជនទូទៅមានដូចជាក្រសួង ស្ថាប័ន មន្ទីរ ផ្លូវថ្នល់ កន្លែងលំហែកាយ មជ្ឈមណ្ឌលវប្បធម៌ កន្លែងលេងកីឡា កន្លែងកំសាន្ត គ្រឹះស្ថានអប់រំ សណ្ឋាគារ មន្ទីរពេទ្យ មណ្ឌលសុខភាព អាហារដ្ឋាន ប្រព័ន្ធដឹកជញ្ជូន។ រាល់ទីកន្លែងសាធារណៈទាំងនេះត្រូវ រៀបចំឱ្យមានលក្ខណៈងាយស្រួលចេញចូលសម្រាប់ជនមានពិការភាពគ្រប់ប្រភេទ ដូចជាការធ្វើជម្រាល ការបំពាក់ឧបករណ៍ធ្នាក់ដៃនៅតាមបន្ទប់ទឹក និងការដាក់ស្លាកសញ្ញានានា៕

ដោយ៖ មករា


ចែករំលែក៖