កីឡាករបាល់ទាត់អង់គ្លេសកំពូលៗរួមទាំងប្រធានក្រុម Liverpool កីឡាករ Jordan Henderson និងអតីតកីឡាការិនីអន្តរជាតិ លោកស្រី Karen Carney បានពិភាក្សាអំពីការរំលោភបំពាន និងការរើសអើងតាមអុីនធើណេតជាមួយរដ្ឋមន្រ្តីរដ្ឋាភិបាលអង់គ្លេសកាលពីថ្ងៃចន្ទ ដើម្បីរកដំណោះស្រាយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ ដែល CNA ដកស្រង់មកផ្សាយកាលពីថ្ងៃទី២៦ មករា។
កិច្ចពិភាក្សាតុមូលតាមអុីនធើណេតជាមួយលេខាធិការវប្បធម៌លោក Oliver Dowden និងរដ្ឋមន្រ្តីកីឡាលោក Nigel Huddleston គឺជាផ្នែកមួយនៃការពិភាក្សាអំពីអនាគតនៃបាល់ទាត់ ដែលត្រូវបានគេរើសអើងតាមប្រព័ន្ធបច្ចេកវិទ្យាអុីនធើណេត។
រដ្ឋាភិបាលអង់គ្លេសកំពុងរៀបចំផែនការពិនិត្យដឹកនាំដោយអ្នកគាំទ្រពីមន្ត្រីអភិបាលកិច្ចបាល់ទាត់ និងពិភាក្សាការបង្កើតច្បាប់ថ្មីដើម្បីទទួលខុសត្រូវលើក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមចំពោះគ្រោះថ្នាក់តាមអុីនធើណេត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក Dowden បាននិយាយថា “កីឡាករនិយាយអំពីកម្រិតនៃការរំលោភបំពានដែលពួកគេបានជួបប្រទះគឺជាការបន្ទាបខ្លួនដើម្បីឲ្យរដ្ឋអំណាចជួយដោះស្រាយ។ ការចូលរួមរបស់ពួកគេនៅថ្ងៃនេះបានពង្រឹងការតាំងចិត្តរបស់ខ្ញុំក្នុងការនាំយកច្បាប់ថ្មីដើម្បីធានាថាមានការទទួលខុសត្រូវកាន់តែច្រើនពីវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ដោះស្រាយបញ្ហាទាំងនេះ”។
លោកស្រី Karen Carney នៅខែនេះបានលុបគណនី Twitter របស់គាត់បន្ទាប់ពីការកត់សម្គាល់ពីក្លិប Leeds United ខណៈពេលដែលគាត់កំពុងធ្វើការជាអ្នករៀបចំកម្មវិធីទូរទស្សន៍ត្រូវបានគេសើចចំអកដោយគណនីផ្លូវការរបស់ក្លិបនៅ Premier League មួយនេះ និងបណ្តាលឱ្យមានការរំលោភបំពានលើបណ្តាញអុីនធើណេតយ៉ាងខ្លាំង។
ជាមួយគ្នានេះ កីឡាករ Henderson មានប្រសាសន៍ថា “ការប្រជុំនេះមានសារៈសំខាន់ណាស់ហើយខ្ញុំរីករាយដែលអ្នកដែលមានអំណាចនិងសិទ្ធិអំណាចក្នុងការអនុម័តការផ្លាស់ប្តូរដឹងពីភាពធ្ងន់ធ្ងរនៃការរំលោភបំពានលើកីឡាករ” ។
ក្នុងកម្មវិធីតុមូលក្នុងប្រធានបទខាងលើមានកីឡាករ និងអតីតកីឡាករមួយចំនួនចូលរួមផងដែរ រួមមានប្រធានក្រុម Watford កីឡាករ Troy Deeney អតីតកីឡាករក្រុម West Ham United លោក Anton Ferdinand និងកីឡាករ Tyrone Mings របស់ក្រុម Aston Villa ៕
ដោយ៖ភារៈ