ភ្នំពេញ៖ សង្គមមួយត្រូវបានរៀបចំឱ្យមានស្ថិរភាព ពេលដែលបុគ្គលនីមួយៗកំពុងធ្វើនូវអ្វីដែលជាសមត្ថភាពពីធម្មជាតិ ដើម្បីប្រើជាផលប្រយោជន៍ដល់អ្នកដទៃ…ហើយការធ្វើដូចនេះគឺជាដំណើរការនៃការអប់រំ។ គោលដៅនៃការអប់រំ គឺបង្រៀនមនុស្សនូវបញ្ហាសំខាន់ៗ តាមរយៈចំណេះដឹង បណ្ដុះចរិយាធម៌ និងការគោរពភាពថ្លៃថ្នូររបស់មនុស្ស។ ការ «គិតពិចារណា» ជាប្រចាំគឺជាមធ្យោបាយផង និងជាគោលបំណងផងនៃការអប់រំ។ គោលបំណងនៃគរុកោសល្យ គឺការអប់រំមនុស្ស ឱ្យក្លាយទៅជាទ្រព្យសម្បត្តិរបស់សង្គម។ ដើម្បីសម្រេចបានគោលដៅនេះ ការគ្រប់គ្រងការអប់រំត្រូវតែធ្វើកំណែទម្រង់ជាបន្តបន្ទាប់៖
(១) ការពង្រឹងប្រសិទ្ធភាព និងដំណើរការសាលារៀន ជាពិសេស ការកែលម្អវិធីសាស្រ្តបង្រៀន និងដំណើរការនៃការរៀន និងការបង្រៀន
(២) ការពង្រឹងប្រព័ន្ធអប់រំទាំងមូល ក្នុងគោលបំណងទទួលបាននូវគុណភាពអប់រំ និងភាពប្រកួតប្រជែងរបស់ប្រទេសលើទីផ្សារការងារ
(៣) ការឆ្លើយតបទៅនឹងសតវត្សទី ២១ និងធានាទំនាក់ទំនងរវាងការរៀនក្នុងសាលា និងបរិបទនៃសកលភាវូបនីយកម្ម មូលដ្ឋានភាវូបនីយកម្ម និងបុគ្គលភាវូបនីយកម្ម៕
ដោយ៖ សិលា