ភ្នំពេញ ៖ ក្រោយពីផ្ទុះរឿងម្តាយចុងចិត្តកំណាចអប្រិយទាញកាំបិតកាប់កូនស្រីបណ្តាលឲ្យរងរបួសធ្ងន់ផ្អើលដល់អ្នកភូមិ តែមិនមានការអន្តរាគមន៍ និងគ្មានផ្តល់យុត្តិធម៌សម្រាប់ក្មេងស្រីរងគ្រោះកាលពីយប់ថ្ងៃទី២៥ខែមករាឆ្នាំ២០២១ រហូតមកដល់ព្រឹកថ្ងៃទី២៧ ខែឆ្នាំដដែល ស្រាប់តែផ្ទុះការតវ៉ាពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតខាងសុំឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ជូនក្មេងស្រីរងគ្រោះផង ដើម្បីឱ្យនាងរួចផុតពីការធ្វើទារុណកម្មគ្រប់រូបភាព វាយដោយដំបង វ៉ៃនឹងស្បែកជើងឬអំបោសដែលកើតមានស្ទើរតែរៀងរាល់ថ្ងៃ។
តាមសម្តីស្ត្រីម្នាក់ឈ្មោះ ពេជ្រ ដែលរស់នៅជិតផ្ទះកេីតហេតុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ(ស្រីពេជ្រ) អាយុ២១ឆ្នាំ ជាក្មេងកំព្រាឪពុកម្តាយ(ស្លាប់ចោលអស់) ហេីយត្រូវបានពូយកមកចិញ្ចឹម រស់នៅក្នុងភូមិប៉ប្រកខាងជេីង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ គាត់បន្តថា ការដែលរស់នៅជាមួយឪពុកម្តាយចិញ្ចឹម ក្មេងស្រីរងគ្រោះគ្មានឡេីយពាក្យថាកក់ក្តៅ , ក្តីសុខ គឺនាងរងនូវការធ្វើទារុណកម្ម វាយព្រឹកល្ងាច ម្តាយចិញ្ចឹមរូបនោះឃោរឃៅខ្លាំងណាស់ គឺប្រទះអីវាយហ្នឹងតែម្តង ។
សូមបញ្ជាក់ថា រហូតមកដល់យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ម្តាយចិញ្ចឹមរូបនោះក៏ទាញកាំបិតកាប់ទៅលេីក្មេងស្រីរងគ្រោះបណ្តាលឲ្យរងរបួសហូរឈាមពេញមុខ បន្ទាប់មកឪពុកម្តាយចិញ្ចឹមក៏បានពាក់មួកកូបដឹកយកទៅមន្ទីរពេទ្យ ខណ:ជិះចេញពីផ្ទះបានបន្តិចស្រាប់តែធ្លាក់មួកកូបទេីបប្រជាពលរដ្ឋឃេីញដូចនេះក៏ផ្អេីលឆោឡោរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកធ្វើអន្តរាគមន៍ ដោយឃើញក្មេងស្រីនោះមានឈាមច្រើន ។
ក្រោយពីកេីតហេតុអស់រយៈពេលយ៉ាងយូរទេីបឃេីញវត្តមានសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុសួរនាំរួចក៏ចេញទៅបាត់អស់ទៅដោយមិនបានរកយុត្តិធម៌ជូនជនរងគ្រោះនោះឡើយ។
ប្រភពដដែលបានបន្តថា លុះមកដល់ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ឃើញប្រជាពលរដ្ឋស្រែកអង្វរឱ្យសមត្ថកិច្ចនិង អាជ្ញាធរជួយរំដោះនាងពីកណ្តាប់ដៃម្តាយវាយធ្វើទារុណកម្មរាល់ថ្ងៃ។ ដោយការអាណិតអាសូរ អគ្គនាយិកា (នគរដ្រេហ្គន) និង(កាសែតនគរវត្ត)បានឲ្យបុគ្គលិកយកថវិកាមួយចំនួនដេីម្បីជូនក្មេងស្រីរងគ្រោះគ្រាន់ព្យាបាលជំងឺ តែបែរជាឪពុកចិញ្ចឹមរូបនោះមិនទទួលយកឡើយ។
ប្រជាពលរដ្ឋ មិនពេញចិត្តនឹងទង្វើរបស់ម្តាយចិញ្ចឹមដែលវាយធ្វើបាបកូនស្រីនេះ ទេ ទើបនាំគ្នាផ្ទុះជាសំណូមពរស្នើដល់អាជ្ញាធរមានសមត្ថកិច្ច និងខាងមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ មេត្តាជួយរកយុត្តិធម៌ជូនក្មេងស្រីរងគ្រោះផង ដោយសារតែគ្នាជាក្មេងកំព្រាគ្មានទីពឹងទេីបទ្រាំរស់ក្រោមការគាបសង្កត់របស់ឪពុកម្តាយចិញ្ចឹមបែបនេះជាយូរឆ្នាំមកហើយ។
សូមបញ្ជាក់ថា ទោះជាឪពុកម្ដាយនាង(មរណមាតាឆ្នាំ២០២១) ធ្វើបាប ធ្វើទារុណកម្ម វាយដំច្រំធាក់ និងយកកាំបិតកាប់ក្បាលហូរឈាមក៏ដោយ ក៏សមត្ថកិច្ចមូលដ្ឋានហាក់ដូចជាមិនបានចាប់អារម្មណ៍ក្នុងរឿងនេះសោះ។ កាលពីម្សិលមិញ ទាំងនគរបាលប៉ុស្ដិ៍និងនគរបាលខណ្ឌ បានអះអាងប្រាប់អង្គភាព”នគរដ្រេហ្គន”ថា ករណីមានស្លាកស្នាមនិងឈាមនោះ គឺដោយសារក្មេងស្រីបានដួលទើបបណ្ដាលឲ្យមានរបួស។
បន្ទាប់ពីមានការលើកឡើងដោយសមត្ថកិច្ចផ្ទុយអំពីសាក្សី ប្រជាពលរដ្ឋប្រុសស្រីជាញាតិផងរបងជាមួយ បានឃើញពីសកម្មភាពកាប់ទៅលើក្មេងស្រីខាងលើនេះ ក៏ឈានដល់បន្តធ្វើសំណូមពរតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ជូនដល់សមត្ថកិច្ច អាជ្ញាធរ ខាងមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ មេត្តាចុះមកពិនិត្យជាក់ស្ដែង ស្រាវជ្រាវ សាកសួរប្រជាពលរដ្ឋឲ្យបានដឹងពិតប្រាកដនៅជុំវិញកន្លែងកើតហេតុ ដើម្បីបានជួយរំដោះក្មេងស្រីរូបនោះពីកណ្តាប់ដៃនៃការធ្វើទារុណកម្មរបស់ម្ដាយចិត្តកំណាចនោះ។
លោកស្រី មុំ ច័ន្ទដានី ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បានប្រាប់អង្គភាព “នគរដ្រេហ្គន”តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ថា លោកស្រីបានឃើញព័ត៌មាននេះតាមរយៈការឡាយផងដែរ ហើយលោកស្រីនឹងដឹកនាំមន្ត្រីរបស់លោកស្រីចុះទៅកាន់ទីនោះដោយផ្ទាល់ ដើម្បីធ្វើការសាកសួរពីប្រជាពលរដ្ឋរស់នៅជិតខាងដែលឃើញហេតុការណ៍។ លោកស្រីលើកឡើងថា, គោលដៅទីមួយរបស់ខ្ញុំ គឺឲ្យប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ទាំងនោះ គាត់មានសិទ្ធិប្តឹង និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីឲ្យមានការឃាត់ខ្លួនឪពុកម្ដាយជាជនបង្កនោះភ្លាមៗ ខណៈជាបទល្មើសជាក់ស្ដែង។ ករណីទី២ លោកស្រីត្រូវតែចុះទៅកាន់ទីនោះផ្ទាល់ សួរនាំសាក្សីជុំវិញកន្លែងកើតហេតុ រកឲ្យឃើញពីមូលហេតុពិតប្រាកដ ដើម្បីធ្វើការរំដោះក្មេងស្រីនោះឲ្យមានសេរីភាព មានអនាគត បានរៀនសូត្រ តាមរយៈការយកចិត្តទុកដាក់របស់អង្គភាពមន្ទីរ។ ដោយឡែកលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាព”នគរដ្រេហ្គន”តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៧ ខែមករា ថា ខ្ញុំពិតជាពុំបានដឹងជុំវិញបញ្ហានេះ តែបើជាដំណឹងពិតប្រាកដ នោះគឺជាអំពើល្មើសច្បាប់ ប្រសិនបើឪពុកម្ដាយវាយធ្វើបាបកូន ។ លោកស្នងការបន្តថា ខ្ញុំអរគុណច្រើនចំពោះការផ្ដល់ដំណឹងនេះ ហើយខ្ញុំក៏ត្រូវសួរនាំមន្ត្រីថ្នាក់មូលដ្ឋានគាត់ដូចជាក្រុមការងារចុះទៅកាន់ទីនោះផ្ទាល់ ដើម្បីរកឱ្យឃើញការណ៍ពិត ។
ពាក់ព័ន្ធជុំវិញរឿងនេះ បើសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ អភិបាលរងខណ្ឌ និងមន្ត្រីជំនាញខាងមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បានចុះទៅដល់កន្លែងកើតហេតុពិតប្រាកដមែននោះ គេឃើញថា ប្រជាពលរដ្ឋជាច្រើននាក់នាំគ្នាឈរកណ្ដាលថ្ងៃត្រង់ និយាយប្រាប់ទៅកាន់សមត្ថកិច្ច អាជ្ញាធរ និងមន្ត្រីជំនាញជុំវិញហេតុការណ៍ដែលឪពុកម្ដាយបានធ្វើទារុណកម្មក្មេងស្រីនោះ ដោយគ្មានការលាក់លៀម និងសំណូមពរឲ្យជួយរំដោះក្មេងស្រីនោះពីការរស់នៅដោយការធ្វើទារុណកម្ម ដើម្បីឱ្យមានសេចក្តីសុខ បានសិក្សារៀនសូត្រ គេចផុតពីការធ្វើទារុណកម្មដោយឪពុកម្ដាយចិត្តដ៏កំណាចនេះ។
តាមរយៈការលើកឡើងរបស់ប្រជាពលរដ្ឋនៅទីនោះ ឃើញថាទាំងសមត្ថកិច្ច អាជ្ញាធរ និងមន្ត្រីជំនាញខាងមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បានទទួលយកនូវសំណូមពរខាងលើ នឹងបន្តធ្វើការចាត់ចែងតាមនីតិវិធី ដើម្បីជួយរំដោះក្មេងស្រីនេះ។ ដោយឡែកចំពោះការដំណើរការនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ត្រូវធ្វើកិច្ចការបែបណាទៀតនោះ លើការស៊ើបអង្កេតស្រាវជ្រាវ រកឲ្យឃើញពីតម្រុយពិរុទ្ធភាព ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ទៅលើឪពុកម្ដាយចិត្តកំណាចនេះ គេមិនទាន់ដឹងនៅឡើយ ទេខណ:ពួកគាត់កំពុងធ្វើការងារនេះ។
មន្ត្រីខ្លះបានលើកឡើងថា យោងតាមសាក្សីពីកន្លែងកើតហេតុ និងអំពើដ៏ឃោរឃៅនេះបានប្រព្រឹត្តមកលើកូនស្រីខាងលើ គឺជាបទល្មើសជាក់ស្ដែង សមត្ថកិច្ចមានសិទ្ធិឃាត់ខ្លួនជនបង្កដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ប៉ុន្តែគួរឱ្យសោកស្តាយ ដែលសមត្ថកិច្ចអះអាងថា មិនមានពាក្យបណ្ដឹង ហើយក្មេងស្រីនោះមិនប្ដឹង។ (នាងមរណមាតាឆ្នាំ២០២១)ជាឈ្មោះអង្គភាព”នគរដ្រេហ្គន” ដាក់ឱ្យ ខណៈប្រជាពលរដ្ឋអាណិតនាងដែលបានរងនូវការធ្វើទារុណកម្ម ពីឪពុកម្ដាយខ្លាំងពេក៕
ដោយ៖សុខា សែនជ័យ