ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងបើកប៉ះគ្នាតិចតួចតែនិយាយយកត្រូវរៀងៗខ្លួន

ចែករំលែក៖

      ភ្នំពេញ ៖ រថយន្ដព្រូសមួយគ្រឿងបើកបត់ខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតបណ្ដាលរងការខូចខាតបន្តិចបន្តួច ប៉ុន្តែភាគីទាំងសងខាងឈ្លោះប្រកែកគ្នានិយាយយកត្រូវរៀងៗខ្លួន។ ក្នុងហេតុការណ៍នេះមិនបណ្តាលឱ្យអ្នកណាម្នាក់មានគ្រោះថ្នាក់នោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង២០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវណតប្រ៊ីតទល់មុខសាកលវិទ្យាល័យកម្ពុជាក្នុងសង្កាត់អូរបែកក្អមខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានដឹងថា មុនដំបូងឡើយគេឃើញរថយន្តព្រូសមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2AX-2812 បើកបរដោយបុរសម្នាក់និងមានអ្នករូមដំណើរម្នាក់ទៀតបើកក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុក៏បានព្យាយាមបត់មកខាងឆ្វេងដៃហើយស្របពេលនោះក៏មានរថយន្តមួយគ្រឿងទៀតម៉ាក KlA ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BK-2236 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូងមកដល់ចំណុចកើតហេតុដែរក៏ត្រូវរថយន្តតូយ៉ូតាព្រូសបុកពីចំហៀងបណ្តាលឱ្យខូចខាតរថយន្តបន្តិចបន្តួចទាំងសងខាង។ពេលបុកប៉ះគ្នានោះភាគីទាំងសងខាងមិនធ្វើការសម្រុះសម្រួលគ្នាទេបែរជាឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃ.ក។

    ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកេីតហេតុភ្លាមៗ និងបានសម្របសម្រួលភាគីទាំងសងខាងដែរ តែមិនត្រូវគ្នា ទើបសមត្ថកិច្ចធ្វើការវាស់វែងយករថយន្តទាំង២ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំឲ្យភាគីទាំងសងខាងចូលខ្លួនធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ដោយ៖ផេង ភាព


ចែករំលែក៖