ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញគ្រាប់យុទ្ធភ័ណ្ឌពីសម័យសង្រ្គាមជាបន្តបន្ទាប់នៅក្នុងមូលដ្ឋានអភិវឌ្ឍន៍ថ្មីតំបន់បឹងជង្រុក

ចែករំលែក៖

    ខេត្តបន្ទាយមានជ័យ៖ មន្ត្រីជំនាញស៊ីម៉ាក់បានរកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់ពីសម័យសង្គ្រាមជាបន្តបន្ទាប់នៅចំណុចមូលដ្ឋានអភិវឌ្ឍន៍ថ្មី បឹងជង្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ហើយបានកម្ទេចចោលនៅនឹងកន្លែងនៅថ្ងៃទី២៧ ខែមករាឆ្នាំ២០២១ក្រោមវត្តមានលោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងក្រុមការងារជាច្រើន។

លោក ប៉ាន់ខែម ប៊ុនថន បានមានប្រសាសន៍ថា បន្ទាប់ពីក្រុមការងារខុទ្ទកាល័យរបស់សម្ដេចតេជោ សហការជាមួយ អាជ្ញាធរ កងកម្លាំងសមត្ថកិច្ច មន្ត្រីជំនាញ បានដោះស្រាយវិវាទដីធ្លីដ៏រាំរ៉ៃអូសបន្លាយជាង២០ចប់ នៅចំណុចបឹងជង្រុក និង៦៧១ តាមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ក្រុមការងារបានបន្តការងារអភិវឌ្ឍន៍បន្តទៀត និងមានចូលរួមពីមន្ត្រីជំនាញស៊ីម៉ាក់ដើម្បីរ៉ាវរកគ្រាប់យុទ្ធភ័ណ្ឌមិនផ្ទុះ ដែលនៅសេសសល់ពីសម័យសង្គ្រាម អតីតខ្មែរក្រហម ដើម្បីធានាសុវត្ថិភាព សំរាប់ប្រគល់ដីឡូត៍ជូនប្រជាពលរដ្ឋរស់នៅ សាងសង់សាសារៀន ប្រព័ន្ធផ្លូវថ្នល់ មណ្ឌលសុខភាព និងសាងសង់អគាររដ្ឋបាលជាច្រើនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកបញ្ជាក់ថា មកទល់ថ្ងៃទី២៧ មករា ឆ្នាំ២០២១ ក្រុមមន្ត្រីជំនាញស៊ីម៉ាក់រុករកឃើញគ្រប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងធ្វើការកម្ទេចចោលបានចំនួន៥ដងហើយ សរុបចំនួន៣៩គ្រាប់ ក្នុងនោះមានមីន៧គ្រាប់ គ្រាប់ផ្លោងចំនួន៣២គ្រាប់ មានប្រភេទគ្រាប់កាំភ្លើងត្បាល់ទំហំ៨២ មីលីម៉ែត្រ គ្រាប់៦០មីលីម៉ែត្រ គ្រាប់១០០មីលីម៉ែត្រ គ្រាប់ដេកា៧៥ និងគ្រាប់ PNZផងដែរ។ ដែលមន្ត្រីជំនាញបានធ្វើការបោសសំអាតលើផ្ទៃដីសរុប៧២ហិកតានិង៥០០ម៉ែត្រក្រឡា លើផ្ទៃដី៣០៤ហិកតាដែលកំពុងតែអភិវឌ្ឍន៍៕ដោយ៖វណ្ណា


ចែករំលែក៖