ព័ត៌មានទាន់ហេតុការណ៍៖

អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើពិធីចែកសម្លៀកបំពាក់ឈុតខ្មៅដល់កម្លាំងអន្តរាគមន៍ចំនួន៣០នាក់

ចែករំលែក៖

                                                                                                                                                                                                                                        ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទី អធិការដ្ឋាននគរបាលខណ្ឌសែនសុខបានធ្វើពិធីចែកសម្លៀកបំពាក់ឈុតខ្មៅ ដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជូនដល់កម្លាំងអន្តរាគមន៍ ចំនួន៣០នាក់របស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

ពិធីចែកសម្លៀកបំពាក់ដល់កម្លាំងអន្តរាគមន៍នេះ ស្ថិតក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុន ស្នងការរងចុះដឹកនាំត្រួតពិនិត្យការងារនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

អញ្ជើញចូលរួមក្នុងពិធីនេះដែរមានលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ អធិការរង នាយផ្នែកនិងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។

   លោកស្នងការរងបានផ្តាំផ្ញើដល់កម្លាំងអន្តរាគមន៍ទាំងអស់ត្រូវខិតខំប្រឹងប្រែងចេញល្បាតក្នុងមូលដ្ឋានខណ្ឌទប់ស្កាត់បទល្មើសផ្សេងៗកុំឱ្យកើតមានដើម្បីរក្សាសេចក្តីសុខក្សេមក្សាន្ត សុវត្ថិភាពជូនដល់បងប្រជាពលរដ្ឋ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖