ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គ្រួសារកីក្រដែលមានកូនពិការក្នុងបន្ទុក៣នាក់នៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បាននាំយករទេះរុញ និងសម្ភារមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អ្នកស្រី ប្រាក់ មន្ថា ដែលមានកូនពិការភាព ៣នាក់រស់នៅក្នុងបន្ទុក នាព្រឹកថ្ងៃសៅរ៍ ២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នៅខេត្តស្វាយរៀង ។

ក្នុងឱកាសនោះ លោកស្រីម៉ែន សំអនក៏បានមានប្រសាសន៍ថា  ការនាំយកអំណោយមកប្រគល់ជូននាពេលនេះបន្ទាប់ពីបានឃើញការអំពាវនាវរបស់អ្នកស្រី ប្រាក់ មន្ថា ដែលបានផ្សព្វផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន ទើបលោកស្រីបានចាត់ឲ្យលោក សុច ពិសី អភិបាលស្រុកកំពង់រោទ៍ធ្វើទំនាក់ទំនងទៅក្រុមគ្រួសារនោះដោយផ្ទាល់និងមានការជួបជុំនាថ្ងៃនេះ ។

លោកស្រីក៏បានផ្តាំផ្ញើឲ្យលោកអភិបាលស្រុកកំពង់រោទ៍ ធ្វើការសម្របសម្រួលក្នុងការនាំយកក្មួយៗទៅចុះឈ្មោះចូលរៀននៅក្នុងបវេសនកាលឆ្នាំសិក្សាថ្មីនេះ។

អំណោយនាពេលនេះ រួមមាន ៖ រទេះរុញ ២គ្រឿង អង្គរ ទឹកស៊ីអុីវ ទឹកត្រី សម្លៀកបំពាក់ ស្ករស ទឹកដោះគោ ទឹកសុទ្ធ មី និងថវិកាមួយចំនួន និងការឧបត្ថម្ភជាប្រចាំខែរបស់លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីផងដែរ ។

សូមរំលឹកឡើងវិញថា បើតាមអ្នកស្រី ប្រាក់ មន្ថា (ជាស្ត្រីមេម៉ាយ) អាយុ ៥១ឆ្នាំ រស់នៅភូមិកណ្តាល ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងថា ប្តីរបស់គាត់មានឈ្មោះ អ៊ុំ តេង អាយុ ៤៦ឆ្នាំ មានកូន៣នាក់ជាចំណងដៃ ក៏ប៉ុន្តែកូនទាំង៣នាក់នេះ អភ័ព្វណាស់ កើតមកក្រិន ពិការ គម ដៃជើងខ្វិនដូចគ្នា ។ កូនទី១-ឈ្មោះ តក់ ធារ៉ា ភេទស្រី អាយុ២៤ឆ្នាំ បានរៀនដល់ថ្នាក់ទី៥ ក៏បានឈប់រៀន កូនទី២-ឈ្មោះ តក់ ធារី ភេទស្រី អាយុ២១ឆ្នាំ បានទៅរៀននៅភ្នំពេញ ក្រោមការឧបត្ថម្ភរបស់អង្កការ LAVALA ស្ថិតនៅក្នុងក្រុង តាខ្មៅ ។ កូនទី៣-ឈ្មោះ តក់ រាត្រី ភេទ ប្រុស អាយុ១២ឆ្នាំ ពុំទាន់បានចូលរៀននៅឡើយទេ ។

អ្នកស្រីបានបន្តទៀតថា នៅក្នុងសម័យកូវីដ-១៩នេះ អ្នកស្រីក៏បានទទួលការឧបត្ថម្ភពីរាជរដ្ឋាភិបាលតាមរយៈបណ្ណសមធម៌ នៃគ្រួសារកីក្រ (ក្រ២) ចំនួន ៥ខែរួចមកហើយ ដោយក្នុងមួយខែៗទទួលបានប្រាក់ ១៩២.០០០រៀល ផងដែរ៕ យឹម សុថាន


ចែករំលែក៖