ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រូសបើកឡេីងខឿនផ្លូវទៅបុកបង្គោលភ្លើងនិងស៊ុមថ្មបាំងដើមឈើបាក់បែកខ្ទេចខ្ទី ឯរថយន្តខូចខ្ទេចមួយកំណាត់មុខ

ចែករំលែក៖

ភ្នំពេញ​ ៖​ យុវជនម្នាក់រួមដំណើរដោយនារីម្នាក់បើករថយន្តToyota Prius មួយគ្រឿងក្នុងល្បឿនលឿន​រេចង្កូតឡើងលើចិញ្ចើមផ្លូវទៅបុកបង្គោលភ្លើងថ្មនិងស៊ុមថ្មបាំងដើមឈើបណ្តាលឲ្យបាក់បែកខ្ទេចខ្ទី ឯរថយន្តខ្ទេចមួយកំណាត់មុខ តែសំណាងល្អដែរដែលអ្នកបើកបរនិងអ្នករួមដំណើររបួសស្រាល។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង១០ នាទីយប់ថ្ងៃទី ២៩ ខែមករាឆ្នាំ ២០២១ នៅចំណុចមុខផ្សារឯករាជ្យ៣ តាមបណ្តោយផ្លូវចោមចៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញយុវជនម្នាក់រួមដំណើរជាមួយនារីម្នាក់ទៀតបើករថយន្តព្រូសមួយគ្រឿងពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BG-8872ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃឡើងលើចិញ្ចើមផ្លូវជ្រុលទៅបុកបង្គោលភ្លើងថ្មរងការខូចខាតតិចតួច​ រួចបន្តទៅបុកស៊ុមថ្មបាំងដើមឈើបណ្ដាលឲ្យបាក់បែកខ្ទេចខ្ទី រីឯរថយន្តបង្កខ្ទេចមួយកំណាត់មុខបន្តដំណើរលែងរួច តែសំណាងល្អអ្នកបើកបរនិងអ្នករួមដំណើររងរបួសស្រាល។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឱ្យចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមច្បាប់៕ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖