ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយផ្ទុះបទ “កាត់ឆុង” ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ដាក់៤បទរួមគ្នា បន្ថែមសម្រាប់ចូលឆ្នាំខ្មែរ

ចែករំលែក៖

     ភ្នំពេញ៖ បទចម្រៀងចម្រុះចំនួន៥បទបន្តបន្តាប់គ្នារបស់តារាចម្រៀង ព្រាប សុវត្ថិ និងកញ្ញា តន់ ចន្ទសីម៉ា បានបញ្ចេញហើយកាលពីថ្មីៗនេះ។ បទថ្មី៤បទបន្ថែមគឺក្រោយជំនួបជាដៃគូច្រៀងរួមគ្នានូវបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍”កាត់ឆុង” ដែលទទួលបានការគាំទ្រខ្លាំងរហូតមានអ្នកទស្សនារាប់លានដងនោះ។

បន្ថែមពីលើបទកាត់ឆុង មានដូចជាបទអរគុណកាមេរ៉ាបទរកស៊ីជាមួយយក្សបទប្រហុកនិងបទ មាន់កម្សត់ ដែលជាបទចម្រៀងលាយគ្នាសម្បូរបែបនូវចង្វាក់ញាក់កន្ត្រាក់អារម្មណ៍ និងចង្វាក់ប្រជាប្រិយខ្មែរហើយបទចម្រៀងចុងក្រោយរបស់ពួកគេរួមគ្នាសុទ្ធទទួលបានការគាំទ្រខ្លាំងព្រោះគ្រាន់ តែចេញភ្លាមអ្នកទស្សនារាប់លានដងរួចទៅហើយ។ បទបន្ថែមជាប់គ្នា ដែលសុទ្ធសឹងតែជាបទខ្លឹមៗ ហើយត្រូវបានគេដឹងថាដើម្បីបំបុកទីផ្សារបទចម្រៀងក្នុងឱកាសចូលឆ្នាំថ្មីប្រពណីជាតិខាងមុខនោះ។

បើទោះបីជានៅសល់រយៈពេលច្រើនជាង១ខែក៏ដោយ ក៏ផលិតកម្ម Galaxy Navatra បានបញ្ចេញបទចម្រៀងថ្មីដែលបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេច ដើម្បីក្លាយជាចំណែកទីផ្សារឬជាការវាយលុយបង្ហាញសាច់ដុំ និងគ្រាប់ពេជ្រនៅក្នុងដៃ។ បទចម្រៀង៥បទដែលបានបញ្ចេញព្រមគ្នានោះទាំងជាបទចម្រៀងដែលមានចំណងជើងដ៏គួរឲ្យចាប់អារម្មណ៍អត្ថន័យល្អ និងបទភ្លេងគួរឲ្យចង់ស្តាប់ និងរាំតាម។ គេសង្កេតឃើញផងដែរកន្លងទៅថ្មីៗនេះផលិតកម្ម Galaxy Navatra   មិនត្រឹមតែបញ្ចេញស្នាដៃបទចម្រៀងថ្មីដែលមានបរិមាណច្រើននោះទេថែមទាំងមានគុណភាពប្រកួតប្រជែងពិសេសទៅលើអត្ថន័យបទចម្រៀង បទភ្លេង ទំនុកច្រៀង និងបច្ចេកទេសក្នុងការផលិត និងតំឡើងពណ៌MV របស់ខ្លួនឲ្យមានគុណភាពនិងកាន់តែត្រជាក់ភ្នែកនោះ។

តាមការបញ្ជាក់ពីលោក យឹម តាស្រង់ អ្នកចាត់ការទូទៅផលិតកម្មGalaxy Navatra អោយដឹងថា ខាងផលិតកម្មកំពុងតែសម្រុកធ្វើបទចូលឆ្នាំថ្មីឲ្យគ្រប់តារាចម្រៀងទាំងអស់នៅក្នុងផលិតកម្ម ដោយនឹងបញ្ចេញជារៀងរាល់ថ្ងៃ។ លោកថ្លែងថា បន្ទាប់ពីបានបញ្ចេញ បទចូលឆ្នាំប៉ុន្មានបទមកនេះ ឃើញថា តារាចម្រៀង លោក ព្រាប សុវត្ថិ និងតន់ ចន្ទសីម៉ា គឺពិតជាដៃគូសាកសមបំផុតសម្រាប់ បទចូលឆ្នាំ ក្នុងនោះដែរ Galaxy មិនមែនមានតែ៥បទនោះទេពោលតាមផែនការ គឺផលិតមានបទជាច្រើនទៀតសម្រាប់ឲ្យតារាចម្រៀងទាំងពីរនេះច្រៀងផងដែរក្រៅពីផលិតកម្ម Galaxy Navatra  ក៏នៅមានផលិតកម្មក្នុងស្រុកមួយចំនួនទៀតក៏បានត្រៀមបញ្ចេញបទចម្រៀងរបស់ពួកគេដើម្បីបំបុកទីផ្សារក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ខណៈដែលគេក៏នៅចាំមើលផងដែរថាដៃគូប្រកួតប្រជែងរបស់ផលិតកម្មនេះគឺផលិតកម្មហង្សមាស នឹងបញ្ចេញស្នាដៃបទចម្រៀងដូចម្តេចដើម្បីបង្ហាញទស្សនិកជន ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖