ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃអាទិត្យទី៣១ ខែមករា ឆ្នាំ២០២១ លោក អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ អញ្ជើញចុះសំណេះសំណាលតាមខ្នងផ្ទះជួបប្រជាពលរដ្ឋដើម្បីសួរសុខទុក្ខនិងស្វែងយល់ពីជីវភាពរស់នៅរបស់គាត់ស្ថិតនៅក្នុងឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ឆ្លៀតឱកាសនោះ លោកបានជម្រុញណែនាំប្រជាពលរដ្ឋដាំដុះបន្លែ និងចិញ្ចឹមសត្វ ដើម្បីបានជាប្រាក់ចំណូលបន្ថែមនិងអាចដោះស្រាយជីវភាពប្រចាំថ្ងៃក្នុងគ្រួសារផង ដោយសារដីនៅទូលាយ ថែមទាំងមានអណ្តូងទៀត ដែលជាកត្តាបង្កភាពងាយស្រួល។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវតែបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប់ជាប្រចាំ បើករណីមានបងប្អូន កូន ក្មួយ មកពីប្រទេសថៃ ឬក្រៅប្រទេស សូមរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរភ្លាម ដើម្បីបង្ការ ទប់ស្កាត់ ក្នុងការឆ្លងនៅក្នុងសហគមន៍។
ទន្ទឹមនឹងនេះ លោកបានផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំ-សង្កាត់សុវត្ថិភាពថ្មីដែលទើបដាក់ចុះដោយរាជរដ្ឋាភិបាល មានលក្ខណៈសម្បត្តិចំនួន៧ចំនុច ដល់ប្រជាពលរដ្ឋឱ្យបានជ្រួតជ្រាបនិងបានស្នើប្រជាពលរដ្ឋចូលរួមសហការអនុវត្តទាំងអស់គ្នា ដើម្បីសន្តិសុខ សុវត្ថិភាព ព្រមទាំងសណ្តាប់ធ្នាប់សាធារណៈនៅមូលដ្ឋានដែលខ្លួនរស់នៅ ក៏ដូចចូលរួមគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលតែងតែគិតគូរពីបញ្ហាសន្តិសុខ សុវត្ថិភាព និងការរស់នៅរបស់បងប្អូន។ បន្ទាប់មក ឯកឧត្តមបានអញ្ជើញចុះពិនិត្យប្រឡាយមួយចំនួន ផងដែរ៕
ដោយ៖ សិលា