ព័ត៌មានទាន់ហេតុការណ៍៖

សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សាខាខេត្តសៀមរាប រៀបចំកម្មវិធីលំហាត់ប្រាណ និងអបអរពិធីបំពាក់មេដាយ និងជូនវិញ្ញាបនបត្រជ័យលាភី ដល់អ្នកចូលរួមកម្មវិធី Virtual Hall of Fame Marathon 2020 នៅទីតាំងវិមាន ឈ្នះ ឈ្នះ

ចែករំលែក៖

ភ្នំពេញ៖ ក្លឹប​រត់ហាត់ប្រាណសមាគម សិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)​ បានរៀបចំកម្មវិធីលំហាត់ប្រាណ និងអបអរពិធីបំពាក់មេដាយ និងជូនវិញ្ញាបនបត្រជ័យលាភី ដល់អ្នកចូលរួមកម្មវិធី Virtual Hall of Fame Marathon 2020 ដែលជាកម្មវិធីបង្កើតឡើងដោយទឹកចិត្តសប្បុរសរបស់បងប្អូនក្នុងសហគមន៍អ្នករត់ហាត់ប្រាណ សម្រាប់ចូលរួមថវិកាជាមួយរាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងកូវីដ-១៩​ និងឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងចូលទស្សនាសារមន្ទីរក្នុងវិមាន ឈ្នះ ឈ្នះ ផងដែរ។ 

លោក មាស ឆាយ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត ខេត្តសៀមរាប បានបញ្ជាក់ថា កម្មវិធីនេះកកើតឡើងដោយទទួលបានការគាំទ្រ និងលើកទឹកចិត្តពីសំណាក់ លោកហ៊ុន ម៉ាណែត ប្រធាន សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នូវមេដាយ និងវិញ្ញាបនប័ត្រជ័យលាភី និងមានការចូលរួមដោយទឹកចិត្តសប្បុរសរបស់បងប្អូនក្នុងសហគមន៍អ្នករត់ហាត់ប្រាណ ដោយអ្នកខ្លះឧបត្ថម្ភសំរាប់ការទិញវ៉ាក់សាំង COVID-19 និងអ្នកខ្លះទៀតឧបត្ថម្ភដល់មន្ទីពេទ្យគន្ធបុប្ផាព្រមទាំងជាការលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើលំហាត់ប្រាណដើម្បីសុខភាពផងដែរ។ 

សូមបញ្ជាក់ថា កម្មវិធី Virtual Hall of Fame Marathon 2020 គឺជាការប្រកួតរត់និម្មិត(Virtual Run)រយៈចម្ងាយ ៤២.១៩៥ គីឡូម៉ែត្រដែលជាចម្ងាយទទួលស្គាល់ដោយ Marathon Olympich ដែលកម្មវិធីនេះរៀបចំដោយក្លិបរត់ហាត់ប្រាណសមាគម សិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)ក្លិបរត់ហាត់ប្រាណសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត(អ.ម.ត) ខេត្តសៀមរាប។ 

កម្មវិធីនេះបានប្រព្រឹត្តទៅនៅវិមាន ឈ្នះ-ឈ្នះ ព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១ ដែលមានការចូលរួមពីសិស្សនិស្សិតសរុប ១០០នាក់ក្នុងនោះអ្នកទទួលមេដាយ និង វិញ្ញាបនបត្រ ៦១នាក់អ្នកចូលរួមអបអរ ៣៩នាក់ ដោយរៀបចំចំណាត់ថ្នាក់ជាក្រុមអាយុ សរុបមាន ៤ក្រុមគឺ ក្រុមអាយុ (២០-២៩) (៣០-៣៩) (៤០-៤៩) (៥០-៥៩) និងទទួលយកលទ្ធផលតាមបច្ចេកវិទ្យា Strava App ដែលជាបច្ចេកវិទ្យាប្រើដោយបណ្ដាលប្រទេសដែលរៀបចំការប្រកួតរត់ Marathon ល្បីៗលើពិភពលោក។ ការរៀបចំកម្មវិធីនេះស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលទាក់ទងនឹងការថែរក្សាសុខភាពក្នុងកាលៈទេសៈជំងឺឆ្លងសាកលនេះ៕

ដោយ៖សូ រិយា


ចែករំលែក៖