ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តបុករះម៉ូតូនឹងរថយន្តជាង១០គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងបើករថយន្ត បោះពួយយ៉ាងលឿន ទៅបុករះម៉ូតូចំនួន១៣គ្រឿង ដែលឈប់នៅលើចិញ្ចើមផ្លូវ និងបន្តទៅបុករថយន្ត ដែលចតស្ងៀមចំនួន៣គ្រឿងទៀត ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១០និង២០នាទីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវ១៥៦ ខាងមុខភោជនីយដ្ឋានវីហ្វ្រេន  ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តមួយម៉ាកតូយ៉ូតាកាមរីហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2U-7566  តាមបណ្ដោយផ្លូវលេខ១៥៦ ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន ។ ខណៈមកដល់ចំណុចកើតហេតុរថយន្តបានរេចង្កូត ទៅបុករះ ម៉ូតូរបស់ភ្ញៀវ ដែលឈប់ចតនៅលើចិញ្ចើមផ្លូវចំនួន១៣គ្រឿង ហើយរថយន្តនៅមិនទាន់អស់ល្បឿន បន្តទៅខាងមុខរួចបុករថយន្ត ម៉ាកតូយ៉ូតា RAV4 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2W-1033 ដែលឈប់ចតស្ងៀមនៅលើចិញ្ចើមផ្លូវ ហើយរថយន្តក៏រុញទៅបុករថយន្តមួយគ្រឿងទៀត ម៉ាកតូយ៉ូតាព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BI-4791ដែលឈប់ចតស្ងៀមនៅលើចិញ្ចើមផ្លូវដូចគ្នា ហើយរថយន្តតូយ៉ូតាព្រូស ក៏បានថយក្រោយទៅបុកចំពីមុខរថយន្តមួយគ្រឿងទៀត ម៉ាកតូយ៉ូតា កាមរីបាលែន ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AQ-3956 ដែលឈប់ចតស្ងៀមនៅលើចិញ្ចើម បណ្តាលឲ្យរងការខូចខាត ។

ក្រោយមកដោយម្ចាស់រថយន្តកាមរីបាលែន ដែលរងការខូចខាតបន្តិចបន្តួច មិនចង់មានរឿងរ៉ាវវែងឆ្ងាយ ក៏បើករថយន្តចេញពីកន្លែងកើតហេតុ ដោយមិនទាមទារសំណងអ្វីនោះទេ ។

បន្ទាប់ពីកើតហេតុម៉ូតូទាំង១៣គ្រឿង និងរថយន្ត៣គ្រឿង រួមទាំងអ្នកបើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ចជំនាញ ចុះមកនាំទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖