ខេត្តព្រះសីហនុ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឱ្យដឹងថា ៖ នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២១វេលាម៉ោង១ និង០០នាទី មានបុរសជាជនសង្ស័យជនជាតិចិនម្នាក់បានមកសារភាពនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១វេលាម៉ោងប្រហែល២០ និង៣០នាទី នៅអគារស្នាក់នៅមួយកន្លែងជាន់ផ្ទាល់ដី បន្ទប់លេខ A108 ស្ថិតក្នុងភូមិ២ សង្កាត់៣ ក្រុង-ព្រះសីហនុ មានជនរងគ្រោះជនជាតិចិនម្នាក់ ភេទប្រុស ជាអ្នកស្នាក់នៅអគារបុគ្គលិកជាមួយជនសង្ស័យកំពុងគេងនៅលើគ្រែ ហើយជនសង្ស័យបានយកកាំបិតចាក់ជនរងគ្រោះបណ្តាលឲ្យស្លាប់។ បន្ទាប់ពីទទួលពត៌មានភ្លាម កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងជំនាញប៉ុស្តិ៍រដ្ឋបាលសង្កាត់៣ ចុះទៅទីតាំងកើតហេតុ នៅអគារស្នាក់នៅមួយកន្លែង ស្ថិតនៅភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ជាលទ្ធផលសមត្ថកិច្ចយើ់ងបានឃើញសាកសពជនរងគ្រោះ ស្ថិតនៅក្នុងរថយន្តមួយគ្រឿងម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BA-9208។ បន្ទាប់មកសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យបុរសជនជាតិចិនមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។ ចំពោះទីតាំងកើតហេតុ ត្រូវបានប្រគល់ជូនការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ ដើម្បីធ្វើការត្រួតពិនិត្យនិងចាប់យកវត្ថុតាង។
ចំណែកជនសង្ស័យ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងបន្តនីតិវិធី៕ជ្រោយពេជ្រ