ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់​ ត្រឡប់មកពីប្រទេសកូរ៉េ​ លង់ស្នេហ៍អ្នកបេីកតាក់ស៉ី​ជាង​ ២ឆ្នាំ​ ចុងក្រោយបោកយកខ្លួនប្រាណ​ និងខ្ចីលុយមិនសង​ពេលតាមទាន់ស្រែកផ្អេីល…

ចែករំលែក៖

ភ្នំពេញ៖ ​ហេតុការណ៍ភ្ញាក់ផ្អេីលមួយបានកេីឡេីង​ បន្ទាប់ពីនារីម្នាក់​  បានយំស្រែក​ឲ្យប្រជាពលរដ្ឋ​ និងសមត្ថកិច្ច​ជួយធ្វេីអន្តរាគមន៍​ ដោយនាងបានចោទប្រកាន់​បុរសម្នាក់​ ដែលគាត់ស្រឡាញ់គ្នា​អស់​រយៈពេល​​​​២ឆ្នាំ​មក​ហើយ។ ស្រាប់តែនាពេលថ្មីៗនេះ ​ទើបគាត់​ដឹង​ថា​ បុរសរូបនោះមានទាំង​ប្រពន្ធ​​និង​កូនរួចទៅ​​ហើយ មិនតែប៉ុណ្ណោះបាន​​បោកយកទាំង​ខ្លួន​ប្រាណហើយ​ខ្ចីលុយ​មិនព្រមសង​ថែមទៀត​​ផង​។

​ករណី​​ខាងលើ​នេះ​ បង្កឲ្យមានការ​ភ្ញាក់​ផ្អើល​ឡើងកាលពីវេលាម៉ោង​​​៥និង​​​៤០នាទី​ព្រឹក​ព្រលឹមថ្ងៃទី​​២ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ច្រមុះជ្រូកស្ទឹងមានជ័យ តាមបណ្តោយ​ផ្លូវ​​លេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ​ទី​២ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ ។​

តាមប្រភពព័ត៌មានពីនារីខាងលេីនេះ​ បានបញ្ជាក់ថា​ គាត់មានឈ្មោះ​លៀង រ៉ានី អាយុ​​៣២​ឆ្នាំ រស់នៅក្នុងភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ​ចំណែក​​​ភាគី​​​ខាង​ប្រុស​ឈ្មោះ​វឿន វី អាយុ​​​៣៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តត្បូងឃ្មុំ មុខរបរជាអ្នករត់តាក់ស៊ីពីត្បូងឃ្មុំទៅភ្នំពេញ ពីភ្នំពេញទៅត្បូងឃ្មុំ។

នារីរូបនេះ​ បន្តថា ពួកគាត់​​បានស្រឡាញ់គ្នា​​រយៈពេល​​២ឆ្នាំ​កន្លងមក​ហើយ​ ដោយស្គាល់គ្នា​តាំងពីដំបូងឡើយគឺតាមរយៈការ​ជិះតាក់ស៊ី ​ដែល​កាលពី២ឆ្នាំមុនគាត់បានចប់អាណត្តិ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ហើយក៏បានធ្វើដំណើរ​ពីប្រទេសកូរ៉េ​ត្រឡប់មក​កម្ពុជាវិញ។ លុះមកដល់កម្ពុជាគាត់ក៏បានជិះ​រថយន្ត​​តាក់​ស៊ី​របស់បុរស​ខាងលើ​ដើម្បីទៅស្រុកកំណើត ហើយ​ការធ្វើដំណើរ​​តាមផ្លូវនោះ​​ក៏មានការ​និយាយសារសង​​គ្នា​​ ​ពី​រាជធានីភ្នំពេញរហូត​ដល់​ស្រុកកំណើត​ឯខេត្តត្បូងឃ្មុំ​ ​បន្ទាប់មក​គាត់​ក៏​បាក់ចិត្ត​លង់នឹងការនិយាយលួងលោមរបស់​បុរសជាអ្នក​​រត់តាក់ស៊ី​​ខាងលើ ហើយ​ក៏មានទំនាក់ទំនងស្នេហាជាមួយគ្នារហូតរយៈពេល​​​២ឆ្នាំ ដោយ​មិនបានរៀបការជាមួយគ្នានោះ​ទេ ។

​ប្រភពដដែល បន្ត​ទៀតថា ឈ្មោះ​វឿន វី បាន​និយាយលួងលោម និង​អូសទាញគាត់​ថា «មិនបាច់ធ្វើការនៅកូរ៉េទេ ទៅធ្វើការនៅកូរ៉េនាំតែឆ្ងាយអីធ្វើការនៅស្រុកខ្មែរទៅ បងជាអ្នករត់តាក់ស៊ីប៉ុណ្ណឹងដែរ រឿងអីចិញ្ចឹមអូន​អែងមិនរស់»។ ដោយសារ​តែ​ការនិយាយលួងលោមបែបនេះហើយ ទើប​ធ្វើ​ឱ្យគាត់បាក់ទឹកចិត្ត​ស្រឡាញ់ ក៏យល់ព្រម ដោយ​មិនបាន​បន្ត​អាណត្តិ​ទៅធ្វើការនៅកូរ៉េទៀតទេ ក៏ធ្វើ​ការនៅភ្នំពេញ​ នៅផ្ទះបងប្អូន​ ដោយជួលផ្ទះនៅម្តុំបុរីសូនី​រួមរស់ជាមួយគ្នា​ដូចប្តីប្រពន្ធ ។ រហូតមកដល់មួយរយៈចុងក្រោយនេះ គាត់ក៏​មានផ្ទៃពោះ​ ជាហេតុធ្វើឱ្យឪពុកម្តាយ​និង​បងប្អូន​របស់​គាត់​មាន​ការងឿងឆ្ងល់​ថា មិនដែលឃើញ​បុរសខាងលើរត់តាក់ស៊ីពីភ្នំពេញទៅស្រុក​ហើយបែរ​ជា​មិនដែលឃើញ​ចូលស្រុកសោះ ហើយ​រថយន្ត​ក៏មិនដែលចូល​បេនទៀត ។ យូរៗក៏អើតមើល​​រូបគាត់​​នៅ​ផ្ទះជួលម្តង ហើយ​បុរសរូបនោះ​​ក៏បានខ្ចី​លុយ​ចំនួន​៥០០ដុល្លារពី​គាត់​ទៀត ​ដោយសារ​តែ​​ការ​ជឿទុកចិត្ត គាត់​ក៏​ឲ្យលុយ​ខ្ចីទៀត ។

នារីរូបនេះ បន្ថែមទៀតថា បន្ទាប់ពីមានការ​ងឿងឆ្ងល់​​ ឪពុកម្តាយរបស់គាត់​ក៏ចាប់ផ្តើម​​គិត​ថា មនុស្ស​ប្រុសឯ​ណាវ័យ​​​៣៧ឆ្នាំទៅ​ហើយ ​នៅមិនទាន់មានប្រពន្ធនោះ បើធ្លាប់​មានក៏ប្រហែលជា​ពោះម៉ាយដែរ ។ ក្រោយមក​ឪពុកម្តាយនិងបងប្អូន​របស់គាត់​ក៏នាំគ្នា​​ស៊ើបប្រវត្តិភ្លាមៗរហូត​ដឹង​ថា​ បុរស​រូបនេះមាន​ប្រពន្ធនិងកូនរួចទៅហើយ​ ទើបបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល និង​ឈ្លោះទាស់ទែងគ្នា​ ព្រោះតែការ​បោកប្រាស់ទំនុកចិត្តអស់រយៈពេល​២ឆ្នាំមកហើយដោយបុរស​ខាងលើបាន​​​លាក់បាំង​ថាអត់មានប្រពន្ធនិងកូនទេ។

ប្រភពដដែលបន្តថា ​បន្ទាប់ពីស៊ើប​​ដឹង​ប្រវត្តិរបស់​​បុរស​​ខាងលើរួច​​​ ហើយម្យ៉ាងទៀត​​អង្ករក្លាយទៅជា​បាយទៅហើយនោះ​ ​រូបគាត់​​ក៏សម្រេចទៅជួបពេទ្យ​ដើម្បី​យកកូនចេញផងដែរ។ ក្រោយពី​​ពួកគាត់បានឈ្លោះទាស់ទែងគ្នារួចមក ​ខាង​ប្រុសលែងនៅផ្ទះជួល​ម្តុំបុរីសូនីទៀតហើយនៅតែ​បន្តរត់តាក់ស៊ីរាល់ថ្ងៃ ប៉ុន្តែ​មិនដឹង​គោល​ដៅ​នៅកន្លែង​ណា ទើបធ្វើ​ឱ្យ​​គាត់ខឹងសម្បារឿងបោកប្រាក់ទំនុកចិត្ត​ ហើយ​លុយ​ក៏មិនព្រមសងទៀត គាត់​ក៏​ចាប់ផ្តើមតាមរក​​​ខាងប្រុស រហូតដល់​វេលាព្រឹកថ្ងៃ​កើតហេតុ ក៏ប្រទះឃើញ​​​ខាងប្រុស​នៅ​ចំណុចច្រមុះជ្រូកស្ទឹងមានជ័យទើបយំស្រែកឆោឡោ​ដើម្បី​ឱ្យសមត្ថកិច្ច​ជួយអន្តរាគមន៍តែម្តង​។

បើតាមប្រពភព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ក្រោយមានករណីឈ្លោះប្រកែកគ្នាផ្អើលប្រជាពលរដ្ឋ ភ្លាមនោះសមត្ថកិច្ច​មូលដ្ឋាន​ចុះមកដល់​កន្លែងកើតហេតុ​សួរនាំដឹងរឿងហេតុ​រួចហើយ និង​ដើម្បី​ចៀសវាងការផ្ទុះហិង្សា ក៏ណែនាំ​ឱ្យ​​ពួកគាត់​ទាំង​​​២​នាក់​ធ្វើការ​ដោះស្រាយ​សម្របសម្រួលគ្នា ​​ដោយ​គាត់​មិនចង់ប្តឹងប្តល់អ្វីវែងឆ្ងាយ​នោះទេ គឺគ្រាន់តែ​ចង់​ឱ្យ​​​​ខាងប្រុសសងលុយ​ដែល​បាន​​ខ្ចី​​ចំនួន​​​​៥០០ដុល្លារ​នោះ​មកវិញ និងសងជំងឺចិត្ត​ចំនួន​​​​​៥០០ដុល្លារទៀត​ប៉ុណ្ណោះ​ សរុបគឺ១ពាន់ដុល្លារ​។ ចំណែក​ខាង​ប្រុស​ក៏យល់ព្រមសងលុយ​សរុប​ចំនួន​​​១ពាន់​ដុល្លារនោះដែរ​ ប៉ុន្តែ​បច្ចុប្បន្ន​​​គ្មាន​លុយ​ក្នុងខ្លួននោះទេ គឺ​​មានតែ​ទៅ​ខ្ចីគេសិន ។

ក្នុងហេតុការណ៍នេះដែរ ​ភាគី​ខាងប្រុស ក៏បានសម្របសម្រួលជាមួយខាងស្រី ដោយ​បញ្ជាក់​ថា បើគាត់រកលុយមិនបានទេ គាត់នឹងយករថយន្ត​​​របស់គាត់ទៅលក់ ឬ​បញ្ចាំ​ ដើម្បី​យកលុយ​១ពាន់ដុល្លារ​ទៅសងភាគីខាង​ស្រី​ដើម្បីបញ្ចប់រឿងកុំឱ្យមានរឿងវែងឆ្ងាយ។

គួរបញ្ជាក់ថា ក្រោយកើតហេតុភាគីទាំង​ប្រុសទាំងស្រី ត្រូវបាន​នគរបាលប៉ុស្តិ៍​ស្ទឹងមានជ័យទី២ បាននាំពួកគាត់ទៅ​កាន់​ប៉ុស្តិ៍ស្ទឹងមានជ័យទី​៣ ដើម្បីដោះស្រាយតាមនីតិវិធី៕ដោយ៖សហការី


ចែករំលែក៖