ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរឃុំត្រពាំងវែង ប្រជាពលរដ្ឋក្រីក្រ និងអ្នកមានជំងឺ រួមជាមួយស្ត្រីទើបសម្រាលកូនចំនួន៦១គ្រួសារ ស្ថិតនៅក្នុងឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានឧបត្ថម្ភថវិកាដល់ក្រុមប្រឹក្សាឃុំត្រពាំងវែង ចំនួន ៣,៣០០ដុល្លារ សម្រាប់ធ្វើការអភិវឌ្ឍឃុំ ភូមិ និងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងស្ត្រីទើបសម្រាលកូនទាំង៦១គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានមី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអុីវ០១យួរ ប៊ីចេងកន្លះគីឡូក្រាម អំបិល០១គីឡូក្រាម សារុង០១ និងថវិកា ៥ម៉ឺនរៀល។
បន្ទាប់ពីចប់កម្មវិធីសំណេះសំណាល និងចែកអំណោយ លោកប្រធាន បានបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រដែលកំពុងសម្រាកព្យាបាលជំងឺដល់ខ្នងផ្ទះចំនួន ៤គ្រួសារ និងបានឧបត្ថម្ភថវិកាក្នុង១គ្រួសារៗចំនួន ១០០,០០០រៀល សារុងមួយ ភួយមួយ និងអង្ករមួយបាវ។ ទន្ទឹមនោះ លោកបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារប្រជាពលរដ្ឋ ដែលទើបទទួលមរណភាពចំនួន ៣គ្រួសារ និងបានចូលបច្ច័យបុណ្យក្នុង១គ្រួសារថវិកា ២០០,០០០រៀល ដោយចំណាយអស់ថវិកាសរុបចំនួន ១០,៩៩២,៥០០រៀល(ដប់លាន ប្រាំបួនសែន ប្រាំបួនម៉ឺនពីរពាន់ប្រាំរយរៀល) និង៣,៣០០$ (បីពាន់បីរយដុល្លារអាមេរិក)៕
ដោយ៖ សិលា