ខេត្តកំពង់ឆ្នាំង ៖ ក្មេងស្រីម្នាក់ និង ប្រុសម្នាក់ជាបងប្អូនជីដូនមួយនិងគ្នា បានស្លាប់ទាំង២នាក់បន្ទាប់ពីបាននាំគ្នាចុះលេងទឹករណ្តៅដី ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិអញ្ចាញ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
អាជ្ញាធរមូលដ្ឋានបានប្រាប់ឲ្យដឹងថា កុមាររងគ្រោះម្នាក់ឈ្មោះថុន គាថេន ភេទប្រុស អាយុ៧ឆ្នាំ និង ម្នាក់ទៀតឈ្មោះ ធូ ចាន់ថុន ភេទស្រី អាយុ១០ឆ្នាំ កុមាររងគ្រោះទាំងពីរនាក់រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
អាជ្ញាធរមូលដ្ឋានបានប្រាប់ឲ្យដឹងទៀតថា នៅចន្លោះពីម៉ោង៥ ក្រុមគ្រួសារក្មេងរងគ្រោះបានបាត់ក្មេងពីផ្ទះ ហើយបាននាំគ្នាដើររកក្មេងទាំងពីរប៉ុន្តែមិនបានឃើញនោះទេ រហូតដល់ម៉ោងប្រមាណជិត៧យប់ ក៏ស្រាប់ ឃើញស្បែកជើងក្មេងរងគ្រោះ នៅពីមុខរណ្តៅថ្លុកមួយដែលមានទឹកជ្រៅនៅទីនោះ ដោយមានការសង្ស័យ ក៏បាននាំគ្នាចុះរាវរកក៏ប្រទះឃើញសពក្មេងរងគ្រោះបានលង់ទឹកស្លាប់បាត់ទៅហើយ ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យក្មេងរងគ្រោះទាំងពីរនាក់លង់ទឹកនេះ គឺអាចបណ្តាលមកពីក្មេងលេងបាល់ ក្នុងពេលដែលលេងនោះបាល់ធ្លាក់ចូលក្នុងរណ្តៅទឹកថ្លុក នាំគ្នាចុះយកទើបបណ្តាលឲ្យលង់បែបនេះ ព្រោះនៅក្នុងរណ្តៅទឹកថ្លុកនេះ មានបាល់មួយនៅក្នុងនោះ ។
នាពេលនេះអាជ្ញាធរ និង សមត្ថកិច្ចជំនាញបាន ចុះទៅពិនិត្យសាកសព តាមការសន្និដ្ឋានដំបូងរបស់សមត្ថកិច្ច កុមាររងគ្រោះទាំង២នាក់ពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែននិង ប្រគល់សាកសពជូនគ្រួសារសពដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ចន្ថា