ព័ត៌មានទាន់ហេតុការណ៍៖

Instagram បានបន្ថែមមុខងារថ្មីដើម្បីគ្រប់គ្រងទិន្នន័យដែលត្រូវបានលុប ‘Recently Deleted’

ចែករំលែក៖

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា,កាលពីម្សិលមិញនេះ ក្រុមហ៊ុនអុីនស្តាក្រាមបានប្រកាសថា ក្រុមហ៊ុនកំពុងតែរៀបចំដាក់ឱ្យប្រើប្រាស់នូវមុខងារដើម្បីគ្រប់គ្រងទិន្នន័យដែលត្រូវបានលុប ដើម្បីធ្វើឱ្យកាន់តែមានភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការគ្រប់គ្រងគណនីរបស់ពួកគេ។ “យើងដឹងថា នេះគឺជាមុខងារដែលអ្នកប្រើប្រាស់ទទូចចង់បាន ហើយនេះជាលើកទីមួយហើយដែល ពួកគេអាចពិនិត្យមើលទិន្នន័យដែលត្រូវបានលុប ហើយអាចដាក់ឱ្យប្រើទិន្នន័យឡើងវិញ (Restore) បានទៀតផង” នេះបើតាមការផ្សព្វផ្សាយនៅក្នុងគេហទំព័ររបស់ក្រុមហ៊ុន។

គ្រប់ទិន្នន័យទាំងអស់មានដូចជា រូបភាព វីដេអូ និង Stories ដែលត្រូវបានលុបនិងដាក់បញ្ចូលទៅក្នុងកន្លែងមួយដែលគេហៅថា ‘Recently Deleted’។ មុខងារនេះគឺវាស្រដៀងនឹងមុខងារដែលមាននៅក្នុងទូរសព្ទ iPhone ដែលលោកអ្នកខ្លះកំពុងតែប្រើប្រាស់នោះ។ ទិន្នន័យទាំងអស់នឹងត្រូវលុបចោលដោយស្វ័យប្រវត្តិក្នុងរយៈពេល ៣០ថ្ងៃ លើកលែងតែ Stories ដែលនឹងត្រូវលុបចោលក្នុងរយៈពេល ២៤ ម៉ោង បន្ទាប់ពីអ្នកប្រើប្រាស់បានលុបវាចោល។

ដើម្បីការពារសុវត្ថិភាពរបស់អ្នកប្រើប្រាស់ពីជនខិលខូចដែលតែងតែព្យាយាមលួចចូលទៅក្នុងគណនីហើយលុបទិន្នន័យចោលនោះ ក្រុមហ៊ុននឹងទាមទារឱ្យមានការបញ្ជាក់អត្តសញ្ញាណតាមរយៈការផ្ញើសារ ឬអុីមែល មុននឹងពួកគេអាចលុបចោលទិន្នន័យទាំងនោះ ឬដាក់ឱ្យប្រើទិន្នន័យឡើងវិញ ទៀតផង។ នៅពេលដែលក្រុមហ៊ុនដាក់ឱ្យប្រើមុខងារនេះ លោកអ្នកអាចចូលទៅមើលទិន្នន័យដែលត្រូវបានលុបចោលនោះ ដោយចូលទៅក្នុង Settings > Account > Recently Deleted របស់កម្មវិធីអ៊ីនស្តាក្រាម៕

ដោយ៖ សិលា


ចែករំលែក៖