ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីWHO ថា៖ រឿងអ្នករិះគន់បេសកកម្មស៊ើបអង្កេតប្រភពជំងឺកូវីដ-១៩​នៅចិន​ ប្រទេសខ្លះជំទាស់ទាំងរបាយការណ៍មិនទាន់មានផង

ចែករំលែក៖

អន្តរជាតិ​៖​ លោក Michael Ryan​ ប្រធានផ្នែកកិច្ចការបន្ទាន់របស់អង្គការសុខភាពពិភពលោក (WHO) នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១ កុម្ភៈ ឆ្នាំ២០២១​ បានប្រតិកម្មច្រានចោលការទិតៀនលើការស៊ើបអង្កេតប្រភពនៃជំងឺកូវីដ-១៩ ដោយក្រុមអ្នកជំនាញរបស់ខ្លួននៅចិន។ មិនតែបុណ្ណោះ​ លោកប្រធាន​ផ្នែករូបនេះ​ បានលើកឡើងថា ប្រទេសខ្លះ មិនទទួលយកលទ្ធផលស៊ើបអង្កេតទាំងដែលមិនទាន់មានរបាយការណ៍ផង ឯប្រទេសខ្លះអះអាងថា ខ្លួនមានព័ត៌មានពីជំងឺកូវីដ-១៩ ច្រើនជាងស្ថាប័ន WHO ទៅទៀត។

លោក Michael Ryan​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «បើអ្នកមានចម្លើយ សូមប្រាប់ឱ្យយើងដឹងផង»។ នេះជាការលើកឡើងរបស់លោក​Ryan ពីទីក្រុងហ្សឺណែវ។ មន្ត្រីរូបនេះបន្ថែមថា ក្រុមអ្នកជំនាញ WHO ត្រូវការការគាំទ្រពីសហគមន៍អន្តរជាតិ និងគួរតែអាចបញ្ចប់ការងាររបស់ខ្លួនបាន។

លោក Ryan និយាយទៀតថា ក្រុមអ្នកជំនាញជំងឺឆ្លងនៅប្រទេសចិន​ រកឃើញព័ត៌មានជាច្រើន ហើយព័ត៌មាននោះនាំឱ្យមានសំណួរជាច្រើនបន្ថែមទៀតដើម្បីស្វែងរកការពិត។ លោក Ryan អះអាងថា ការស្រាវជ្រាវរបស់ក្រុមអ្នកជំនាញមិនខុសអ្វីពីរឿងស៊ើបអង្កេតឡើយ។​ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

សូមជម្រាបថា​ ជាក់ស្តែងនៅពេលដែលក្រុមអ្នកជំនាញរបស់ WHO កំពុងស្ថិតនៅទឹកដីប្រទេសចិន​ ដើម្បីស្រាវជ្រាវពីប្រភពជំងឺកូវីដ-១៩ ដែលផ្ទុះឡើងនៅចុងឆ្នាំ២០១៩ ពាក្យរិះគន់ក៏នៅតែបន្តលើបេសកកម្មអន្តរជាតិនេះ។ ខណៈការស្រាវជ្រាវនេះ ក្លាយជារឿងតានតឹងផង ដោយប្រទេសខ្លះបដិសេធមិនទទួលយករបាយការណ៍ស្រាវជ្រាវ ទាំងមុនពេលក្រុមការងារមិនទាន់បញ្ចប់ការស៊ើបអង្កេត ហើយចេញជារបាយការណ៍ផង ចំណែកអ្នករិះគន់ខ្លះអះអាងថា មានព័ត៌មានផ្សេងដែលបង្ហាញពីការផ្ទុះនៃជំងឺនេះ។

ដោយឡែករដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្ល៊ីខិន ចំពោះការស្រាវជ្រាវនេះ ក៏បានលើកឡើងដែរថា ប្រទេសចិនត្រូវតែធ្វើយ៉ាងណាឱ្យមានតម្លាភាព ផ្តល់និងចែករំលែកព័ត៌មាន និងផ្តល់ឱកាសឱ្យក្រុមអ្នកជំនាញអាចចូលស្រាវជ្រាវតាមការចាំបាច់។

ទាក់ទិននឹងបញ្ហានេះដែរ​ ក្រុមអ្នកជំនាញ WHO ចាប់ផ្តើមការស្រាវជ្រាវរបស់ខ្លួននៅថ្ងៃទី២៨ ខែមករា។ គិតត្រឹមថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១​ ក្រុមអ្នកជំនាញបានទៅពិនិត្យផ្សារលក់សត្វព្រៃ Huanan ដែលស្ថិតក្នុងការសង្ស័យជាកន្លែងផ្ទុះជំងឺ មន្ទីរពេទ្យដែលទទួលព្យាបាលអ្នកជំងឺនៅពេលមានករណីផ្ទុះដំបូង វិទ្យាស្ថានវីរុសសាស្ត្រវូហានដែលជាកន្លែងធ្វើតេស្តមេរោគ និងមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងនៅខេត្តហ៊ូប៉ី។ អ្នកជំនាញ WHO សង្ឃឹមថាមជ្ឈមណ្ឌលនោះអាចផ្តល់ព័ត៌មានពីការចម្លងមេរោគកូវីដ-១៩ពីសត្វប្រចៀវ ទៅមនុស្ស។

ចំណែកលោកស្រី Maria Van Kerkhove អ្នកបច្ចេកទេសរបស់ WHO បានបញ្ជាក់ដែរថា​ ចំពោះការពិនិត្យទីតាំងជាច្រើនកន្លែងនេះ​លើជំងឺកូវីដ-១៩ យល់ថា ទស្សនកិច្ចទាំងនោះបានផ្តល់ព័ត៌មានយ៉ាងលម្អិត ហើយព័ត៌មានទាំងនោះតម្រូវឱ្យមានការវិភាគរវាងក្រុមការងារ WHO និងភាគីចិន។

គួរបញ្ជាក់ថា​ ខណៈពេលដែលក្រុមការងារអន្តរជាតិកំពុងធ្វើការស្រាវជ្រាវ សារព័ត៌មានរដ្ឋចិននៅតែបន្តលើកឡើងថាជំងឺនេះមានប្រភពក្រៅពីទឹកដីខ្លួន។ ជាក់ស្តែងការអះអាងថា ជំងឺកូវីដ-១៩ មានប្រភពក្រៅពីទឹកដីចិនត្រូវបានចុះផ្សាយជាថ្មីនៅថ្ងៃទី២ ខែកុម្ភៈក្នុងកាសែត Global Times របស់បក្សកុម្មុយនីស្តចិន។ ចិនក៏ធ្លាប់បានលើកឡើងដែរថា មេរោគជំងឺកូវីដ-១៩ មានប្រភពក្នុងអាហារវេចខ្ចប់ដែលរក្សាទុកក្នុងសីតុណ្ហភាពត្រជាក់នាំចូលពីបរទេស៕ដោយ៖ស​ តារា

​លោក​ Michael Ryan ប្រធានផ្នែកកិច្ចការបន្ទាន់របស់អង្គការសុខភាពពិភពលោក (WHO) រូបភាព៖CGTN


ចែករំលែក៖