ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំប្រតិភូជូនពរឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា ក្នុងឱកាសឆ្នាំថ្មី

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលនៃខេមរភូមិន្ទ បានដឹកនាំប្រតិភូនាំយកវត្ថុអនុស្សាវរីយ៍ទៅជូនពរលោក ឡាយ ស៊ុនជៀន ភារធារី តំណាងឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោកវរសេនីយ៍ឯក ង្វៀន តាន់ជីញ អនុព័ន្ធយោធាវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា នាឱកាសទទួលអំណរឆ្នាំថ្មី។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការជូនពរពិធីចូលឆ្នាំថ្មីប្រពៃណីវៀតណាម ចំពោះថ្នាក់ដឹកនាំស្ថានទូត និង អនុព័ន្ធយោធា សូមមានសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ សម្រេចបានភារកិច្ចថ្មីៗថែមទៀត ដែលដែលបក្ស រដ្ឋាភិបាលប្រគល់ជូន ពិសេសសូមឲ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-វៀតណាម មានភាពរីកចំរើន និងអភិវឌ្ឍន៍កាន់តែខ្លាំងក្លាថែមទៀត។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់មិត្តវៀតណាម ដែលកន្លងមក ក៏ដូចជាបច្ចុប្បន្ន តែងបានជួយដល់កម្ពុជាទាំងស្មារតី សម្ភារ ថវិកា ជាពិសេសការជួយហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-វៀតណាម នាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន ដែលបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងក្នុងនាមប្រទេសជិតខាងល្អ មានចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី ជួយគ្នាគ្រប់គ្រាលំបាក និងឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក។

លោក ឡាយ ស៊ុនជៀន ជំនួសមុខឲ្យឯកឧត្ដម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានថ្លែងនូវការអរគុណចំពោះវត្តមានគណៈប្រតិភូអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលបានផ្ដល់កិត្តិយសអញ្ជើញមកជូនពរឆ្នាំថ្មីប្រពៃណីជាតិវៀតណាមនាឱកាសនេះ ដែលបានបង្ហាញឲ្យឃើញពីចំណងសាមគ្គីភាព ភាតរភាព និងមិត្តភាពដ៏ស្មោះស្ម័គ្រយូរអង្វែង ក្នុងនាមជាប្រទេសភូមិផងរបងជាមួយ។

លោក ឡាយ ស៊ុនជៀន សង្ឃឹមជឿជាក់ថា ក្រោយបញ្ចប់វិបត្តិកូវីដ ប្រទេសទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែមានការរីកចម្រើនទ្វេរឡើងថែមទៀត ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាទៅថ្ងៃអនាគត៕

ដោយ៖ស សម


ចែករំលែក៖